ចិនបានបញ្ជាក់យ៉ាងច្បាស់ថា នឹងបន្តពង្រីកនិងអភិវឌ្ឍន៍ឃ្លាំងអាវុធបរមាណូរបស់ខ្លួន។ ជាមួយគ្នានេះក៏បានអំពាវនាវឱ្យអាមេរិក និងរុស្ស៊ីកាត់បន្ថយឃ្លាំងអាវុធបរមាណូរបស់ខ្លួនផងដែរ។
ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន លោក Fu Cong បានឱ្យដឹងថា «អាមេរិក និងរុស្ស៊ីនៅតែរក្សាទុកចំនួនក្បាលគ្រាប់បរមាណូរហូតដល់ទៅ ៩០%នៃចំនួនក្បាលគ្រាប់បរមាណូសរុបនៅលើពិភពលោក។ ប្រទេសទាំងពីរត្រូវតែកាត់បន្ថយចំនួនក្បាលគ្រាប់បរមាណូជាចាំបាច់តាមច្បាប់ មិនអាចផ្លាស់ប្តូរបានឡើយ»។ លោក Fu Cong ក៏បានច្រានចោលការចោទប្រកាន់របស់អាមេរិកដែលថាចិនកំពុងបង្កើនចំនួនក្បាលគ្រាប់បរមាណូរបស់ខ្លួន។
លោក Fu Cong បានបញ្ជាក់ទៀតថា «ចិនតែងតែអនុវត្តគោលនយោបាយមិនប្រើប្រាស់អាវុធបរមាណូវាយប្រហារទៅលើប្រទេសណាមួយមុននោះឡើយ លើកលែងតែប្រទេសនោះវាយប្រហារចិនជាមុន។ យើងនៅតែរក្សាសមត្ថភាពបរមាណូដើម្បីធានាដល់សន្តិសុខជាតិ»។ ក្នុងពេលនេះដែរចិននៅតែបន្តរក្សាការអភិវឌ្ឍឃ្លាំងអាវុធបរមាណូរបស់ខ្លួនដើម្បីធានាពីកម្រិតសុវត្ថិភាព និងទំនុកចិត្ត។
ការប្រកាសខាងលើរបស់ចិនកើតឡើងក្រោយពេលដែលប្រទេសចិន និង៤ប្រទេសផ្សេងទៀត មានរុស្ស៊ី អាមេរិក អង់គ្លេស និងបារាំង បានសន្យាថានឹងទប់ស្កាត់ការប្រើប្រាស់អាវុធបរមាណូ និងបញ្ជៀសសង្គ្រាមបរមាណូកើតឡើង។
នៅក្នុងសេចក្តីប្រកាសរបស់ប្រទេសមហាអំណាចបរមាណូទាំង៥ កាលពីថ្ងៃទី ៣ខែមករាឆ្នាំ២០២២ថា «មិនមានប្រទេសណាមួយទទួលបានជ័យជម្នះនៅក្នុងសង្គ្រាមបរមាណូនោះឡើយ ហើយសង្គ្រាមនោះនឹងមិនអាចកើតឡើងនោះឡើយ។ អាវុធបរមាណូសម្រាប់បម្រើគោលដៅការពារ ទប់ស្កាត់ការឈ្លានពានពីសត្រូវ»៕ ដោយ៖សាធី
រូបភាព៖AFP