បញ្ជូនអតីតផ្កាយ២យោធា និងគូកន មកកាន់តុលាការដើម្បីកាត់ក្តីលើបណ្តឹងបរិហារកេរ្តិ៍

ចែករំលែក៖

ភ្នំពេញ ៖ តាមការគ្រោងទុករបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះបានលើកយកសំណុំរឿងអតីតផ្កាយ២យោធា និងគូកនមកកាត់ក្តី ពាក់ព័ន្ធលើបណ្តឹងបរិហារបង្កាច់កេរ្តិ៍ ។

សំណុំរឿងនេះមានជនត្រូវចោទ២នាក់ ម្នាក់ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ឆ្នាំ អតីតផ្កាយ២យោធា មានទីលំនៅផ្ទះលេខ៣១០អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ) និងម្នាក់ទៀតឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤៣ ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនត្រូវចោទទាំង២នាក់នេះរងនូវពាក្យបណ្តឹងរបស់ឈ្មោះ កើត ខេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាអាជីវករ នៅរាជធានីភ្នំពេញ ។
បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានចោទប្រកាន់ជនត្រូវចោទទាំង២នាក់ពីបទបរិហារបង្កាច់កេរ្តិ៍ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។
ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា នៅក្នុងអំឡុងឆ្នាំ២០២០ ជនសង្ស័យឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា បានប្តឹងលោក កើត ខេង និងឈ្មោះ ជា ឡង់ឌី ពីបទលួច ឆបោក និងក្លែងលិខិតសាធារណៈ ហើយពាក្យបណ្តឹងនោះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញបើកការស៊ើបអង្កេតតាមនីតិវិធី ដោយរកមិនឃើញមានបទល្មើសដូចការចោទប្រកាន់នោះទេ ទើបតំណាងអយ្យការសម្រេចតម្កល់ទុកឥតចាត់ការ ។

ផ្នែកទៅលើទង្វើរបស់ជនសង្ស័យឈ្មោះ សូយ ចាន់សឿន និងឈ្មោះសូ បិនឡា បានឃុបឃិតគ្នាប្តឹងលោក កើត ខេង គ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានឯកសារគ្រប់គ្រាន់ជាតឹកតាងសម្រាប់បង្ហាញជូនស្ថាប័នអយ្យការ ដែលសបញ្ជាក់ឱ្យឃើញថា ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា មានគំនិតទុច្ចរិតជាប់ពាក់ពន្ធទៅនឹងបទល្មើសបរិហារបង្កាច់កេរ្តិ៍ទើបធ្វើឱ្យលោក កើត ខេង ជាជនរងគ្រោះកើតទុក្ខមិនសុខចិត្តប្តឹងតបតវិញនោះ ។

ដូច្នេះរង់ចាំមើលអ្នកប្តឹងគេដោយគ្មាន
ភស្តុតាងជាក់លាក់ត្រូវគេប្តឹងវិញនឹងទៅជាយ៉ាងណា ?
សូមបញ្ជាក់ថា អតីតផ្កាយ២យោធា សូយ ចាន់សឿន នៅជាប់បណ្តឹងជាច្រើនករណីទៀត ដែលតុលាការរាជធានី ខេត្ត នឹងលើកយកមកបើកសវនាការជាបន្តបន្ទាប់ ។ សំណុំរឿងដែលក្តៅជាងគេនោះ គឺបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស ប្តឹង សូយ ចាន់សឿន ពីបទ«​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​មនុស្ស​ដោ​យ​ខុសច្បាប់​» ។

នៅព្រឹកថ្ងៃទី៥ ខែមករានេះដែរ អនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺបាននាំខ្លួនជនសង្ស័យអតីតផ្កាយ២ សូយ ចាន់សឿន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចៅក្រមស៊ើបសួរសាកសួរបន្ថែមលើពាក្យបណ្តឹងក្នុងសំណុំរឿងថ្មីមួយទៀត។ ក្រោយពីសាកសួរចប់ អនុរក្សពន្ធនាគារក៏បានដឹកជនសង្ស័យទៅឃុំខ្លួននៅកន្លែងដើមវិញ ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print