ពលរដ្ឋ៦៨គ្រួសារមកដល់សាលាខេត្តសុំអោយជួយដោះស្រាយរឿងលំនៅដ្ឋានបែរជាអភិបាលគ្មានពេលជួប

ចែករំលែក៖

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ ពលរដ្ឋ៦៨គ្រួសារមកពីភូមិចំនួន២នៅស្រុកទ្រាំងបានលើកគ្នាមកសាលាខេត្តសុំជួបលោក អ៊ូច ភា អភិបាល ខេត្តអន្តរាគមន៍ករណីដែលអាជ្ញាធរស្រុកទ្រាំងបានចេញលិខិតឲ្យរុះរើលំនៅឋានទាំងដែលគាត់កំពុងរស់នៅ។

ក្រុមប្រជាពលរដ្ឋដែលមកសុំអន្តរាគមន៍នៅសាលាខេត្តបានឲ្យដឹងថា ពួកមកពីភូមិក្តីរុន និងភូមិត្រពាំងវែង ឃុំព្រៃស្លឹក ឃុំខ្វាវ ស្រុកទ្រាំង កើតទុក្ខមិនសុខចិត្តខណៈដែលអាជ្ញាធរស្រុកចេញលិខិតឲ្យពួកគាត់រុះរើលំនៅឋានចេញពីកន្លែងដែលធ្លាប់រស់នៅតាំងពីឆ្នាំ១៩៧៩ (តាំងពីបែកប៉ុលពត) ដោយនិយាយថាពួកគាត់រស់នៅលើដីរដ្ឋ។ ក្រុមប្រជាពលរដ្ឋបន្តថា ពួកគាត់មានដីបន្តិចបន្ទួចចសម្រាប់រស់នៅជិត២ជីវិតទៅហើយ ហេតុអ្វីបានជាឲ្យពួកគាត់រុះរើចេញបែបនេះវិញ? ជាងនេះទៅទៀតពេលដែលមានបញ្ហាមកសុំជួបមេខេត្តដែលជាម៉ែជាឪ បែរជាគាត់មិនព្រមចុះមកជួបដោះស្រាយទុក្ខកង្វល់ឲ្យពួកគាត់ ទុកឲ្យអត់បាយក្រហាយទឹកកន្លះថ្ងៃទៅហើយ។

 ពួកគាត់បន្ថែមថា កន្លងមករដ្ឋបាលស្រុកទ្រាំងបានហៅទៅជួបនៅសាលាស្រុក៥លើកមកហើយតែគ្មានដំណោះស្រាយអ្វីទាំងអស់ រហូតមកដល់ពេលនេះថែមទាំងចេញលិខិតឲ្យរុះរើផ្ទះសំបែងចេញទៅវិញ តើឲ្យពួកគាត់ទៅរស់នៅទីណា? ។

 ផ្អែកតាមលិខិតដែលប្រជាពលរដ្ឋកាន់មកជួបលោក អ៊ូច ភា បង្ហាញថា ប្រជាពលរដ្ឋដែលចាប់ផ្តើមតាំងទីលំនៅចាប់ពីឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ត្រូវរុះរើចេញទាំងអស់ ឲ្យបានរួចរាល់ក្នុងរយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជាកំណត់។ បើមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ អាជ្ញាធរនិងអនុវត្តតាមវិធានការច្បាប់។ 

ប្រជាពលរដ្ឋថា នេះជាការមិនពិតនោះទេ ព្រោះពួកគាត់រស់នៅលើដីនេះយូរយារណាស់មកហើយមិនមែនឆ្នាំ២០១៩ដូចដែលលិខិតសាលាស្រុកសរសេរអះអាងនោះទេ។

ជុំវិញករណីខាងលើនេះ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក អ៊ូច ភា បានមកដល់ម៉ោង១២ថ្ងៃត្រង់នេះ ដោយលោកមិនព្រមចុះមកជួបជាពលរដ្ឋ។

សូមរំឮកផងដែរថា កន្លងមកនៅពេលដែលមានប្រជាពលរដ្ឋមានបញ្ហាហើយបានមករកលោក អ៊ូច ភា អភិបាលខេត្តកែវសុំជួបដើម្បីដោះទុក្ខស្រាយកង្វល់ជូនពួកគាត់ គឺលោកមិនងាយនិងជួបជួយដោះស្រាយនោះទេ រហូតមានពេលខ្លះពលរដ្ឋនិយាយថា មិនសំជាចៅហ្វាយខេត្តដែលបម្រើរាស្ត្រទាល់តែសោះ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print