ទីក្រុង Xi’an (ប្រទេសចិន) បានបញ្ឈប់ការងារ និងបណ្ដេញបុគ្គលិកជាច្រើននាក់នៅមន្ទីរពេទ្យមួយ ក្រោយពីអ្នកទាំងនោះបដិសេធទទួលយកស្ត្រីមានផ្ទៃពោះ ដោយសារតែនាងមិនបានធ្វើតេស្តអវិជ្ជមានចំពោះកូវីដ-១៩ ។ នៅថ្ងៃទី៦ ខែមករា រដ្ឋាភិបាលទីក្រុង Xi’an បានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មបុគ្គលមួយចំនួនដែលធ្វើការនៅមន្ទីរពេទ្យ Gaoxin ចំពោះការរលូតកូនរបស់ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ បន្ទាប់ពីបដិសេធមិនទទួលយកនាង ដោយសារតែស្ត្រីមានផ្ទៃពោះនេះមិនមានលិខិតបញ្ជាក់ធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ។ ហេតុការណ៍ខាងលើត្រូវបានក្មួយស្រីរបស់ស្ត្រីរងគ្រោះបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១ខែមករា ក្នុងនោះមានទាំងរូបភាពស្ត្រីមានផ្ទៃពោះ៨ខែអង្គុយនៅលើកៅអីជ័រខាងក្រៅមន្ទីរពេទ្យ ហើយនៅជុំវិញខ្លួនសុទ្ធតែឈាម។ តាមការបង្ហោះរបស់ក្មួយស្រីស្ត្រីរងគ្រោះបានឱ្យដឹងថា មន្ទីរពេទ្យ Gaoxin បានបដិសេធទទួលអ្នកជំងឺដោយសារតែមិនមានលិខិតបញ្ជាក់ធ្វើតេស្តអវិជ្ជមានកូវីដ-១៩ក្នុងរយៈពេល៤៨ម៉ោង។ ក្មួយស្រីនោះបានលើកឡើងថា មានលិខិតបញ្ជាក់អវិជ្ជមានដែរ តែបានផុតកំណត់ប៉ុន្មានម៉ោងមុនចូលមកមន្ទីរពេទ្យ ។ ប៉ុន្តែក្រោយមក រូបភាព និងអត្ថបទដែលបានបង្ហោះនោះត្រូវលុបចេញវិញ ប៉ុន្តែ អ្នកលេងបណ្តាញសង្គមបង្ហាញការខឹងសម្បាយ៉ាងខ្លាំង។ នៅក្នុងសេចក្តីប្រកាស អគ្គនាយកមន្ទីរពេទ្យខាងលើគឺលោក Fan Yuhui ត្រូវបានផ្អាកពីការងារ ចំណែកបុគ្គលិកពេទ្យដែលពាក់ព័ន្ធក៏ត្រូវបានបញ្ឈប់ពីការងារដែរ ហើយឱ្យធ្វើការសុំទោសជាសាធារណៈ៕ ដោយសាធី
រូបថត៖Weibo.