អ្នកទេសចរបែរខ្នងជាមួយថៃដោយងាកមកប្រទេសវៀតណាម ឥណ្ឌូនេស៊ី…

ចែករំលែក៖

ក្រុមហ៊ុនទេសចរណ៍នៅតំបន់អឺរ៉ុបបានលុបការកក់បន្ទប់សណ្ឋាគារជាច្រើននៅក្នុងប្រទេសថៃ ដោយងាកទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់ ក្នុងនោះមានឥណ្ឌូនេស៊ី វៀតណាម កម្ពុជា…ដោយសារតែថៃផ្អាកកម្មវិធីធ្វើតេស្ត Test & Go ។ កម្មវិធី Test & Go គឺជាកម្មវិធីចូលក្នុងទឹកដីថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័កដែលបានអនុវត្តចាប់ពីថ្ងៃទី ១ខែវិច្ឆិកាឆ្នាំ២០២១សម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ កម្មវិធីនេះត្រូវបានផ្អាកនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២១ ក្រោយពេលមានករណីឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ។ ការផ្អាកកម្មវិធី Test & Go នឹងអូសបន្លាយរហូតដល់ដំណាច់ខែមករាឆ្នាំ២០២២។ តាមសារព័ត៌មាន Bangkok Post ដែលបានផ្សាយនៅថ្ងៃទី ៦ខែមករា ដោយដកស្រង់សម្តីលោក Pongsakorn Ketprapakorn ប្រធានគណៈកម្មការទេសចរណ៍ខេត្ត Phangnga បានលើកឡើងថា ចំនួនការកក់បន្ទប់ត្រូវបានលុបវិញនៅខែមករា ក្នុងសណ្ឋាគារចំនួន៣៦ក្នុងខេត្ត Phangnga កើនឡើងដល់ទៅ ៦០%។ បណ្តាសណ្ឋាគារទាំងនោះត្រូវខាតបង់ប្រាក់ប្រមាណ ១០០លានបាត។ តាមការលើកឡើងរបស់លោក Pongsakorn Ketprapakorn បើទោះបីកម្មវិធីនេះនឹងដំណើរការឡើងវិញនៅដើមខែកុម្ភៈក្តី ប៉ុន្តែអ្នកទេសចរក៏មិនអាចវិលត្រឡប់មកថៃវិញភ្លាមៗនោះដែរ ដោយត្រូវឡើងគម្រោងជាថ្មី ហើយនៅខែមីនាទើបអាចដំណើរការល្អឡើងវិញ។ ពាក់ព័ន្ធការឆ្លងកូវីដ-១៩ នៅប្រទេសថៃវិញ នៅថ្ងៃទី៦ខែមករា ប្រទេសថៃបានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ជំងឺ COVID-19 បន្ទាប់ពីករណីឆ្លងមានការកើនឡើង ដោយសារតែការរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។ ការដំឡើងពីកម្រិតលេខ៣ ទៅកម្រិតលេខ៤ បែបនេះ គឺជាការបើកផ្លូវសម្រាប់ចំណាត់ការផ្សេងៗ ដែលអាចនឹងត្រូវដាក់ចេញតាមក្រោយ រួមមានដូចជា ការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់ និងការរឹតត្បិតលើការធ្វើដំណើរក្នុងស្រុក ឬការប្រមូលជួបជុំនៅតាមទីសាធារណៈ ជាដើម។ ចាប់តាំងពីដើមឆ្នាំ២០២២នេះ អត្រាករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅថៃ បានកើនឡើងយ៉ាងគំហុក។ នៅថ្ងៃព្រហស្បតិ៍នេះ ថៃបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ៥,៧៧៥នាក់ ដែលជាកំណើនជិត៥០ភាគរយបើធៀបនឹងថ្ងៃពុធកន្លងទៅ ហើយជាកំណើនស្ទើរទ្វេដង បើធៀបនឹងតួលេខកាលពីថ្ងៃទី០១ ខែមករា។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៦.១២លានដូស ក្នុងនោះប្រជាជន ៤៦.៧លាននាក់ (៦៦.៧៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយសាធី

...

រូបថត៖Somchai Poomlard

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print