ប្រទេសមីយ៉ាន់ម៉ា : មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោង ឡាំង បានសន្យាជាមួយសម្តេចតេជោ ហ៊ុន សែន ថា លោកនឹងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុង ដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយ ភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការ ប្រដាប់អាវុធជនជាតិភាគតិចផងដែរ។
ការសន្យានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធាន អាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ានិងបានជួបជាមួយ លោក មីន អោងឡាំងនៅរសៀលថ្ងៃទី៧ ខែមករានេះ។
លោក មីន អោងឡាំង បានជម្រាបជូនសម្តេចតេជោថា រដ្ឋាភិបាលយោធារបស់លោកបានសម្រេច ប្រកាសបទឈប់បាញ់គ្នាជាមួយក្រុមប្រដាប់អាវុធ ជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ២០២២ និង បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវ ភាពអត់ធ្មត់ខ្ពស់បំផុត។
លោកបានអបអរសាទរចំពោះកម្ពុជា ដែលបានចូលកាន់ តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងស្វាគមន៍ចំពោះ ការតែងតាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន ជាប្រេសិត ពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងបាន សន្យាផ្ដល់ការគាំទ្រដល់ប្រេសិតពិសេសដើម្បីបំពេញ តួនាទីរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។
ក្នុងសេចក្ដីប្រកាសរួមដែលបានចេញផ្សាយនាថ្ងៃទី៧ ខែ មករានេះបានបញ្ជាក់ថា៖ «ឯកឧត្តមនាយឧត្តមសេនីយ៍ ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ច ពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធ ជនជាតិភាគតិច» ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន ចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ ឈ្នះរបស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និង មេរៀនដែលកម្ពុជាការទទួលបានសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ
ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់។
សេចក្ដីប្រកាសរួមថ្ងៃនេះជាសញ្ញាវិជ្ជមានដែលបើកផ្លូវឱ្យ មានការអនុវត្តន៍កិច្ចព្រមព្រៀងឯកច្ឆ័នទាំង៥ចំណុចរបស់ អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានជាប់គាំង កាលពីកន្លងទៅ។
កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើ ហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការ សម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្តល់ ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅ បំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារ យោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី លោក ប្រធានាធិបតីវីន មឿន និងមន្ត្រីគណបក្សកាន់អំណាច មួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំ ប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោកមីន អោង លាំង។
រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិន ពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ហើយ
អាស៊ាននាពេលចុងក្រោយក៏សម្រេចមិនដាក់បញ្ជូល ប្រទេសមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួនផងដែរ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានជំហរផ្សេងដោយថានឹងមិនទុកឱ្យមីយ៉ាន់ម៉ានៅក្រៅពី អាស៊ានទៀតនោះទេ ដើម្បីពង្រឹងភាពរួបរួមនៃប្រជាជាតិ អាស៊ីអាគ្នេយ៍មួយនេះ៕
ដោយ: សិលា