ខេត្តក្រចេះ៖ រថយន្តឡិចស៉ីសRX.300 បើកបរក្នុងល្បឿនលឿនហួសកំណត់ បានរេចង្កូតជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ រួចបន្តរអិលទៅបុករះម៉ូតូចំនួន២គ្រឿង ដែលឈប់ចតនៅស្ងៀម តែមិនបណ្តាលឱ្យមនុស្សណារងរបួសឡើយ។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧៦ត្រង់ចំណុចប្រជុំជនផ្សារ K3 ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
បើតាមប្រភពនៅនឹងកន្លែងកើតហេតុបានឱ្យដឹងថា គេក៏មិនបានដឹងដែរថារថយន្តបង្កហេតុនោះបើកបរបាត់បង់ម្ចាស់ការពីកើតទៅលិចក្នុងល្បឿនលឿនដែកគេសង្ស័យអាចបើកប្រដេញបទល្មើស ទើបមកដល់ចំណុចខាងលើ នៅមុខទីប្រជុំជនផ្សារK3បានក្រឡាប់ជាច្រើនត្រលប់ រួចបន្តទៅបុករះម៉ូតូឈប់នៅស្ងៀម រងការខូចខាតយ៉ាងដំណំ ចំនួន២គ្រឿង។ ក្រោយកើតហេតុគេឃើញបុរសម្នាក់ចេញពីក្នុងរថយន្តបង្កហើយគេចខ្លួនទៅបាត់បន្សល់នូវអាវនគរបាលក្នុងរថយន្តបង្ក តែមិនដឹងថាជាសមត្ថកិច្ចនគបាលខាងណានោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា: សង្ស័យរថយន្តឡិចសុីសRX300 ពណ៌ស ពាក់ស្លាកលេខ2.7577 ខាងលើនោះ បើកប្រដេញបទល្មើស ទើបបណ្តាលឱ្យក្រឡាប់ តែសំណាងល្អបុករះតែម៉ូតូមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចបានខលសួរនាំទៅអធិការស្រុកកែវសីមា និងអធិការស្រុកស្នួល តែលោកទាំងពីរនាក់នោះថាអត់ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កហេតុនោះទេ ហើយក៏មិនដឹងថាមកពីប្រភពណាដែរ។
សូមរំលឹកថា: ក្រោយកើតហេតុគេក៏បានឃើញមានមនុស្សម្នាមកចងខ្សែទាញរថយន្តត្រឡប់មកឈរត្រង់វិញ និងរករថយន្តមកស្ទូចយកទៅជួសជុល ដោយមិនបានរំខានដល់សមត្ថកិច្ចមកវាស់
វែងនិងស្ទូចយកទៅរក្សាទុកឡើយ៕ ដោយ:មាស សុផាត