លោករដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យកសិដ្ឋាន របស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង : នារសៀលថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីមួយ ចំនួនទៀត បានអញ្ជើញមកពិនិត្យកសិដ្ឋាន របស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងបាត់ដំបង។

កសិដ្ឋាន ផ្ទៃដីជាង ១,៥០ហត ហើយបច្ចុប្បន្នកំពុងប្រមូលផលត្រសក់ផ្អែម (Melon) និងប៉េងប៉ោះពណ៍លឿង​ ក្រហម​ និងផ្កាឈូក ដែលដាំក្នុងផ្ទះសំណាញ់ ១០ផ្ទះ ដោយប្រើបច្ចេកទេសរបស់ជប៉ុន ជាពិសេសអនុវត្តការដាំដុះបណ្តាក់ដែលអាចប្រមូលផលជាប្រចាំ រៀងរាល់សប្តាហ៍។ ផលិតផលទាំងអស់នេះត្រូវបានក្រុមហ៊ុនធ្វើការលក់ដោយផ្ទាល់ ដល់អ្នកទទួលទានតាមរយៈការបញ្ជាទិញតាមរយៈអនទ្បាញ និងហាងរបស់THE fresh (នៅបឹងកេងកង រាជធានីភ្នំពេញ)។ បច្ចុប្បន្នកសិដ្ឋានកំពុង ដើរតួនាទីពីរសំខាន់គឺ 

ទី១៖/ ធ្វើការអនុញ្ញាតឲ្យនិស្សិតដែលកំពុងសិក្សាផ្នែកកសិកម្មនៅតាមបណ្តាសកលវិទ្យាល័យនានា បានមកធ្វើការហាត់ការដើម្បីអនុវត្តជាក់ស្តែងតាមបច្ចេកទេសជប៉ុនទំនើប ដែលជាធាតុចូលបន្ថែមទាំងទ្រឹស្តី និងការប្រតិបត្តិផ្ទាល់ ជួយបំពេញបន្ថែមចំណេះ ជំនាញដើម្បីបង្កើនសមត្ថភាពរបស់និស្សិត ប្រែក្លាយពួកគេទៅជាដៃគូផលិតសំរាប់ក្រុមហ៊ុនវិញក្រោយការបញ្ចប់ការសិក្សា និងអាចក្លាយជាធនធានមនុស្សគ្រប់គ្រងការងារផលិតកសិផលជាលក្ខណ:(Franchize)។ 

ទី២៖ /កសិដ្ឋានកំពុងអនុវត្តជាមួយកសិករក្នុងរូបភាព (Rental Farm) ដោយពុំតម្រូវអោយកសិករចំណាយអ្វីទាំងអស់ក្នុងរយៈពេល១ឆ្នាំ កំទ្បុងពេលផលិតបានក្រុមហ៊ុនប្រមូលទិញមកវិញដោយមានកិច្ចសន្យា ហើយរាល់ការចំណាយ និងបច្ចេកទេស ផែនការដាំដុះជាដើមជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់។ កសិដ្ឋានមានបុគ្គលិកជំនាញ ៣នាក់ និស្សិតហាត់ការ ៥នាក់ និងកម្មករ ៤នាក់។ 

ទន្ទឹមនឹងនេះ​ លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជូនដល់និសិត្សហាត់ការនៃសកលវិទ្យាល័យគ្រប់គ្រង​ និងសេដ្ឋកិច្ច​ (UME)​ ឲ្យខិតខំសិក្សាយកនូវបទពិសោធន៍ក្នុងពេលហាត់ការនេះ​ ដោយស្វែងយល់បន្ថែមទៅលេីសេដ្ឋកិច្ច ជាពិសេសការគិតគូបប្រាក់ចំណូលក្នុងការដាំដុះកសិផលកសិកម្ម ដេីម្បីផ្សព្វផ្សាយចំណេះដឹងទាំងនេះជូនចំពោះទៅកសិករ​ និងឈានឈ្ពោះទៅជាអ្នកដឹកនាំក្នុងវិស័យកសិកម្ម​។ 

សូមជម្រាបជូនថា កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងមក លោករដ្ឋមន្ត្រីបានអញ្ជើញទៅពិនិត្យកសិដ្ឋានរបស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅទីនោះក្រុមហ៊ុនសាងសង់ផ្ទះសំណាញ់បានចំនួន ២០ខ្នង និងរោងបណ្តុះកូនបន្លែចំនួន ២ ទុកត្រៀមដាំបន្លែមានដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងខ្ទឹមបារាំង ហើយក៏មានរៀបចំទីផ្សារលក់ផលិតផល និងដាក់តាំងបង្ហាញផងដែរ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print