ខេត្តបាត់ដំបង : សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចបានបញ្ជាឱ្យទិញវ៉ាក់សាំង ចំនួន៥លានដូសបន្តថែមទៀត ខណៈក្នុង ឃ្លាំងសល់ប្រមាណ ១០លានដូស។ ការ បញ្ជាទិញនេះ ដើម្បីធានាថា ពលរដ្ឋមាន វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ដូស ជំរុញ៊ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់ Pfizer ធ្វើឡើងនៅតែក្នុង ភ្នំពេញទេ តែចាក់ជូនប្រជាពលរដ្ឋពី គ្រប់កន្លែងទាំងអស់ បើគាត់ទៅស្វែងរក ការចាក់នៅភ្នំពេញ។ សម្តេចថ្លែងបែបនេះ ខណៈសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពន្លឿនក្នុងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឲ្យបានលឿនបំផុត ដែលអាចធ្វើទៅបាន ខណៈរាជរដ្ឋាភិបាលបានបញ្ជាឲ្យទិញវ៉ាក់សាំងចំនួន៥ លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេស ស្របពេលដែលមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងបានឈានចូលក្នុងសហគមន៍ហើយ។
សូមបញ្ជាក់ថា, ដំណើរការស្តារឡើងវិញផ្លូបជាតិលេខ៥ បានចែកចេញជាកំណាត់ៗ ក្នុងនោះកំណាត់ទី១ បាត់ដំបង-សិរីសោភ័ណ ប្រវែង ៨៤,៧៤គីឡូម៉ែត្រ បានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០%, កំណាត់ទី២ ព្រែកក្តាម-ធ្លាម្អម ប្រវែង ១៣៥,២៥គីឡូម៉ែត្រ សាងសង់សម្រេចបានប្រមាណ៦៤% គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ និងកំណាត់ទី៣ ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង ១៤៦,០៤គីឡូម៉ែត្រ ដែលកំណាត់ធ្លាម្អម-បាត់ដំបង សម្រេចបានប្រមាណ៥៥% និងកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់៕