ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានសម្ដែង នូវការអរគុណ ចំពោះលោកគ្រូ អ្នកគ្រូដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងសង្រ្គាមកូវីដ-១៩ រហូតឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៌សហគម ន៍ ២០កុម្ភៈ បានយ៉ាងជោគជ័យ។
លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានសម្ដែងនូវការអរគុណ បែបនេះ ក្នុងឱកាស ដែលលោក តំណាងឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាអធិបតី ភាព ក្នុងពិធីបើកបវេសនកាលឆ្នាំ សិក្សា ២០២១-២០២២នៅវិទ្យាល័យជាស៊ីមសន្ឋរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួល គោក នាព្រឹកថ្ងៃទី១០ មករាឆ្នាំ២០២១នេះ។
លោកនួន ផារ័ត្ន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកពិតជាអរគុណ ចំពោះលោកគ្រូ អ្នកគ្រូដែល មិនរត់ចោលគ្នាក្នុងគ្រាដ៏លំបាកនៃជម្ងឺកូវីដ-១៩ ហើយលោកក៏អរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ រាជរដ្ឋាភិបាលដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ យ៉ាងល្អ ពិសេស គឺរាជរដ្ឋាភិបាលបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពរដ្ឋបានគ្រប់គ្នា ពោលគឺក្នុងចំនួនប្រជាពលរដ្ឋ ១៦លាននាក់ ការចាក់វ៉ាសាំងបានប្រមាណ
៨៩,២៦%ហើយគ្រោងនឹងចាក់វ៉ាក់សាំងដុសទី៤នៅពេលខាងមុខនេះបន្ថែមទៀត។ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកក៏នៅតែធ្វើការណែនាំអោយ លោកគ្រូ អ្នកគ្រូនិង សិស្សានុសិស្សទាំងអស់ សូមកុំភ្លេចការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយសារតែពេលនេះ កូវីដ-១៩ ប្រភេទអូមីក្រុង បានចូលក្នុងសហគមន៍ហើយ ដែលយើងត្រូវតែបន្តការប្រុងប្រយ័ត្នថែមទៀត។
លោកបន្តថា សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដោយយើងនឹងត្រូវធ្វើជាប្រធានអាស៊ានទាំង១០ប្រទេស ហើយរាជធានីភ្នំពេញក៏ត្រូវធ្វើជាប្រធានទីក្រុងអាស៊ានផងដែរ ។ បន្ថែមពីនេះ ឆ្នាំ២០២២ យើងក៏មានការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ដែលលោកគ្រូ អ្នកគ្រូត្រូវតែចូលរួមក្នុងការបោះឆ្នោតនេះ។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈសរុប ចំនួន ២៤៩ រួមមាន៖វិទ្យាល័យចំនួន ៤១សាលា អនុវិទ្យាល័យចំនួន ២៧សាលា សាលាបឋមសិក្សាចំនួន ១៦៣សាលាសាលាមត្តេយ្យសិក្សា ចំនួន ១៨សាលា មានសិស្សានុសិស្សសរុប ចំនួន ៤០០ ៧៤៣នាក់ បុគ្គលិគអប់រំគ្រប់ក្របខណ្ឌសរុប ចំនួន ១០ ៦៨៦ នាក់។
លោកបន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញដោយការយកចិត្តទុកដាក់ពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដោះស្រាយការខ្វះខាត និងការលំបាកនៅតាមគ្រឹះស្ថានសិក្សា មានទាំងការឧបត្ថមជា ថវិកា សម្ភារៈ ជួសជុលហេដ្ឋារចនា សម្ព័ន្ធ ការសាងសង់អាគារសិក្សា ទីចាត់ការ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធ តាមគ្រឹះស្ថានសិក្សាមួយចំនួន ដែលមានតម្រូវការជាចាំបាច់ ការឧបត្ថម្ភថ្នាំបាញ់សម្លាប់មេរោគកូវីដ-១៩ សាប៊ូ ទឹកថ្នាំសម្លាប់មេរោគ និងសម្ភាៈសម្រាប់កំចាត់មេរោគកូវីដ-១៩ជាច្រើនទៀត។
លោកបន្តថា សម្រាប់ការដាក់ឲ្យដំណើរការ គ្រឹះស្ថានសិក្សានាឆ្នាំសិក្សាថ្មីដែលត្រូវចាប់ដំណើរការពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ និងដើម្បី ចូលរួមអនុវត្តវិធានការ ការពារជំងឺកូវីដ-១៩ ឱ្យបានល្អប្រសើរ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បាន ត្រៀមចូលរួម អនុវត្តនូវវិធានការពាររបស់ ក្រសួងសុខាភិបាល ដោយតម្រូវឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នក ពាក់ព័ន្ធ ក្នុងសាលាបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់គ្រប់ៗគ្នា។ គ្រប់សាលាត្រូវបង្កើនកន្លែង លាងដៃ ឱ្យបានច្រើន មានសាប៊ូ ដែល អាល់កុល និងម៉ាស៊ីនវាស់កម្ដៅ និងវិធានការផ្សេងទៀត ដែលបាននិងកំពុងដាក់ឱ្យអនុវត្តក្នុង គ្រឹះស្ថានសិក្សា។
លោកនួន ផារ័ត្ន តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនទៅដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូផងដែរ ដែលមាន ទាំងប៊ិច សៀវភៅនិងថវិកាមួយចំនួន៕
ដោយ៖ សំរិត