ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំនិង ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀនជាពិសេសត្រូវរៀនរស់តាមបែបគន្លងប្រក្រតីថ្មីនៃបរិបទជំងឺកូវីដ-១៩។
ការថ្លែងរបស់លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបែបនេះបានធ្វើឡើងនៅពេលដែលលោកតំណាង លោកម៉ែន វិបុលអភិបាលខេត្ត នាព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២ក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យស្វាយរៀងដោយមានការចូលរួមពីលោកអភិបាលក្រុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកយស់ពៅ នាយកវិទ្យាល័យស្វាយរៀង មន្ទីរដែលពាក់ពន្ធ័លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោកតូច ប៉ូលីវ៉ា បានថ្លែងអរគុណសន្តិភាព និងអរគុណសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលជាមគ្គទេសក៍ឆ្លាតវាងវៃនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ហើយយើងទាំងអស់គ្នាត្រូវការពារសន្តិភាពនេះឲ្យបានគង់វង្សជានិរន្តគឺមិនឲ្យជនណាម្នាក់បំផ្លាញបានឡើយ។
លោកបានបន្តថាសាលាវិទ្យាល័យស្វាយរៀងដែលស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងគឺជាវិទ្យាល័យគំរូមួយ ក្នុងខេត្ត ដែលមានការរៀបចំរបៀបរៀបរយក្នុងសាលាបានល្អប្រសើរទាំងការងារបរិស្ថាននិងអនាម័យ ជាពិសេសមានសួនច្បារ តារាងបាល់ទាត់ បាល់ទះនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅក្នុងសាលា ដោយទាំងនេះជាការខិតខំរបស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ធ្វើឲ្យមានការចាប់អារម្មណ៍និងគាំទ្រពីថ្នាក់ដឹកនាំផងដែរ។
លោកបានបញ្ជាក់ថាសិស្សានុសិស្សនៅផ្ទះត្រូវគោរពវិន័យគ្រួសារ នៅសាលា ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ដូច្នេះត្រូវខិតខំរៀនសូត្រដើម្បីក្រេបយកចំណេះវិជ្ជាដែលជាស្ពានចម្លងឲ្យមានអនាគតល្អនៅពេលបញ្ចប់ការសិក្សា ហើយនឹងក្លាយជាទំពាំងស្នងឬស្សីដ៏រឹងមាំប្រកបដោយចំណេះនិងជំនាញពិតប្រាកដ។
លោកបានបន្ថែមថាលោកគ្រូអ្នកគ្រូត្រូវតែតាមដានចំពោះសិស្សមួយចំនួនដែលយកម៉ោងសិក្សាទៅដើរលេងខាងក្រៅ និងរាយការទៅអាណាព្យាបាលអប់រំកូនៗឲ្យបានល្អ ជៀសវាងទៅសេពគ្រឿងញៀន អំពើអបាយមុខផ្សេងៗទៀត ដែលនាំឲ្យខូចអនាគត ព្រោះក្មេងៗចាត់ទុកបានដូចជាក្រណាត់សមួយដុំដែលឆាប់ប្រឡាក់ និងឆាប់ទទួលបានទាំងអំពើមិនល្អនិងអំពើល្អ ដូច្នេះត្រូវចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាសិស្សល្អ ពលរដ្ឋល្អ៕
ដោយ៖ យឹម សុថាន