ភ្នំពេញ : នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានក្តីរន្ធត់យ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំបំផុតថា លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានលើកឡើងថា, មរណភាពរបស់ លោក អ៊ីម៉ាហ្គាវ៉ា គឺជាការបាត់បង់នូវឥស្សរជនការទូតជប៉ុនដ៏ឧត្តុងឧត្តមមួយរូប ដែលបានបូជា យកអស់ពីកម្លាំងកាយចិត្ត ចូលរួមខិតខំសំរបសំរួល និងធ្វើឱ្យសម្រេចបាននូវសន្តិភាពនៅកម្ពុជា ព្រមទាំងការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ។
លោកគឺជាឯកអគ្គរាជទូតជប៉ុនទីមួយប្រចាំកម្ពុជា នៅឆ្នាំ ១៩៩២ បន្ទាប់ការបើកស្ថានទូតជប៉ុនឡើងវិញ។ លោកជាអ្នកការទូតមួយរូប ដែលមានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីប្រវត្តិសាស្ត្រ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌កម្ពុជា ។ លោកក៏បានធ្វើជាសហប្រធានគណៈកម្មាធិការទី៣ នៃសន្និសិទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៨៩ ដើម្បីសម្រេចបាននូវសន្តិភាពនៅកម្ពុជាផងដែរ ។ ក្នុងឋានៈជាឯកអគ្គរាជទូតប្រចាំកម្ពុជា លោក បានជួយសំរបសំរួលក្នុងការទទួលកងកម្លាំងរក្សាសន្តិភាពជប៉ុនស្ថិតក្រោមអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ដែលបន្ទាប់មកមានការបោះឆ្នោតសកលជាលើកដំបូង និងដំណើរការកសាងប្រទេសកម្ពុជាឡើងវិញ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបន្តថា, ស្ថិតក្នុងក្តីសោកសង្រេងនេះ យើងខ្ញុំសូមសំដែងនូវសមានទុក្ខ ដ៏សែនសោកស្តាយបំផុត ចំពោះការបាត់បង់ ឯកឧត្តម នឹងសូមចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសារនៃសព។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន, យើងខ្ញុំ សូមលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ : សុខ ខេមរា