ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតពង្រឹងបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈ ដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ហើយនោះ ពិសេសគឺការជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដុសជំរុញទី៣ និងដូសទី៤ឱ្យបានគ្រប់គ្នា។
ការជំរុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង នាព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំតាមរយៈការ បញ្ជូនរូបភាព និងសំឡេង (Video Conference ) ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតស្ដីពីការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននិងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះអ្វីដែលយើងត្រូវអនុវត្តដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងវិធានការការពារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាលនិងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំងដុសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងបង្កើត ទីតាំងចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងដូសមូលដ្ឋាន ដូសជំរុញទី៣និងដូសទី៤ឱ្យបានគ្រប់គ្នា។លោកបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វាជាអាវក្រោះដ៏រឹងមាំមួយ ក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមិនមានឆ្លងកូវីដ-១៩ ។
លោកក៏បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់សាំងទាំងដូសជំរុញនិងដូសទី៤ឱ្យបានគ្រប់គ្នា ដោយមិនគិតថា ពួកគាត់ពីមុនចាក់វ៉ាក់សាំងនេះនៅទាហានឬ ចាក់នៅតាមបណ្តាខណ្ឌជាមួយផ្នែកស៊ីវិលនោះទេ គឺត្រូវតែចាក់ជូនពួកគាត់ ជៀសវាងកុំឱ្យលេចឮពាក្យថា ពួកគាត់មកទទួលការចាក់វ៉ាក់សាំងហើយ យើងមិនបានចាក់ជូនពួកគាត់។
លោក ឃួង ស្រេង បានលើកឡើងថា៖រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងផ្ដល់សេវាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន ៤២ទីតាំង ។គ្រប់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវធ្វើការណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្ត ៣ ការពារ ៣កុំ និងត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញត្រូវចេញលិខិតជូនដល់មាតាបិតាអាណា ព្យាបាលសិស្សទាំងអស់ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលកំពុងតែចូលមកដល់សហគមន៍ហើយ។
លោក ឃួង ស្រេង ក៏បានប្រកាសពីការប្រគល់ម៉ាស់មួយចំនួនទៅអាជ្ញាធរខណ្ឌទាំង១៤ ផងដែរ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាស់ចំនួន១ម៉ឺនម៉ាស់ និងផ្សាររដ្ឋទាំងអស់នៅទូទាំរាជធានីភ្នំពេញ ក្នុងមួយផ្សារៗទទួលបានម៉ាស់ចំនួន៥០០០ម៉ាស់ ដើម្បីចូលរួមក្នុងការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះ យើងអនុវត្តនូវវិធានការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩នេះបានល្អប្រសើរហើយ ដូច្នេះយើងត្រូវបន្តអនុវត្តនូវវិធានការទាំងនេះឱ្យបានល្អប្រសើរថែមទៀត ដើម្បីឈានទៅកាត់ផ្តាច់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងដែលបាននិងកំពុងឆ្លងចូលទៅក្នុងសហគមន៍នេះ ឱ្យបាន។
លោក ឃួង ស្រេង បានបញ្ជាក់ថា ខណៈ ពិភពលោកទាំងមូល បានកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាននោះវាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ក៏កាន់តែល្អប្រសើរផងដែរ៕
ដោយ៖ សំរិត