រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឥណ្ឌា មានទស្សនៈ ដូចគ្នាអំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការ ជួយមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ : រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឥណ្ឌា មានទស្សនៈ ដូចគ្នាអំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការ ជួយមីយ៉ាន់ម៉ា។ នេះបើយោងតាម លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង បណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ ហើយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសជូនព័ត៌មាន នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាម ទូរស័ព្ទជាមួយ លោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្វានកា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌា ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា និង បញ្ហាតំបន់ដែលជាកង្វល់ និងផលប្រយោជន៍រួម។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើការឲ្យកាន់តែជិតស្និទ្ធសំដៅបន្តពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌានៅឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបាន ឯកភាពធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងរួមគ្នារៀបចំព្រឹត្តិការណ៍ប្រកបដោយអត្ថន័យ មួយចំនួន។ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានមានប្រសាសន៍បន្ថែមថា ទស្សនកិច្ច របស់លោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្វានកា នៅកម្ពុជាពិតជាឱកាសដ៏ល្អមួយសម្រាប់ លោកបណ្ឌិត ចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌ ដែលគ្រោងនឹងរៀបចំនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកយ៉ាងសកម្ម របស់ឥណ្ឌាដល់តំបន់មេគង្គ និងជំនួយដែលបានផ្ដល់ឱ្យកម្ពុជាតាមរយៈគម្រោងទទួលផលឆាប់ រហ័ស (Quick Impact Projects) ក្រោមគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើ វិស័យកសិកម្ម បរិស្ថាន សុខាភិបាល អភិវឌ្ឍន៍ជនបទ អប់រំ និងវប្បធម៌។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានផ្លាស់ប្តូរយោបល់គ្នាអំពីការវិវឌ្ឍបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាអំពីតួនាទីដ៏សំខាន់ របស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះដោយសន្តិវិធី តាមរយៈ ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចប្រកបដោយប្រសិទ្ធិភាព។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោករដ្ឋមន្ត្រីការបរទេសឥណ្ឌា អំពីលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចការងារ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។ លោក បណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសជិតខាងជាមួយមីយ៉ាន់ម៉ា ឥណ្ឌ បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ។

កិច្ចសន្ទនាតាមទូរស័ព្ទបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាលក្នុងស្មារតីមិត្តភាព និងការ យល់គ្នាទៅវិញទៅមក៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print