បើកការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ២០២១ នៅខេត្តសៀមរាបនាព្រឹកថ្ងៃពុធនេះ

ចែករំលែក៖

ខេត្តសៀមរាប៖ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខាងមុខសួនព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប។ នេះបើយោងតាមផេក (Cambodia2023) CAMSOC ជាមួយពាក្យស្លោក យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា, កីឡារស់ក្នុងសន្ដិភាព (SPORTS LIVE IN PEACE)។

ការប្រកួតនៅព្រឹកនេះគឺប្រកួតលើវិញ្ញាសាកង់គួកបុរសឈុតធំ (Elite), កង់គួកបុរសថ្នាល (Junior) កង់គួកបុរស (Master)។ ចំណែកនៅពេលរសៀល ព្រឹត្តិការណ៍នេះនឹងបន្តរៀបចំការប្រកួតលើវិញ្ញាសាកង់ភ្នំ ដែលមានវិញ្ញាសា កង់ភ្នំថ្នាល កង់ភ្នំនារី កង់ភ្នំបុរស ដែលប្រកួតនៅឧទ្យានភ្នំគូលែន (ជើងភ្នំហ៊ប់) ភូមិបន្ទាយស្រី ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានបានថ្លែងក្នុងឱកាសបើកការប្រកួតកីឡាទោចក្រយាននេះថា ក្នុងនាមលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន លោកបានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយានឆ្នាំ២០២១ ដ៏មហោឡារិកនាពេលនេះ។
លោកអនុប្រធានសហព័ន្ធបន្ថែមថា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍវិស័យកីឡាជាតិឆ្ពោះទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយសាលាខេត្តសៀមរាបរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដើម្បីជ្រើសរើសកីឡាករ-កីឡាកាវិនីឆ្នើមប្រចាំឆ្នាំ សម្រាប់ហ្វឹកហាត់បំប៉នសមត្ថភាព ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការត្រៀមលក្ខណៈចូលរួមការប្រកួតអន្តរជាតិនានា។
លោក កឹម សុខុន បន្ថែមថា យើងនៅសល់តែចំនួនជាង៤០០ថ្ងៃទៀតតែប៉ុណ្ណោះ គឺប្រទេសកម្ពុជាកំពុងត្រៀមលក្ខណៈទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។ «សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួនពីរ ទី១-ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំឱ្យបានល្អ ទោះមិនបានឈ្នះមេដាយ ឬឈ្នះមេដាយតិចក្តី។ ទី២-ការឈ្នះមេដាយ គឺត្រឹមត្រូវយុត្តិធម៌ មិនត្រូវចង់ឈ្នះមេដាយដោយរំលោភបំពានច្បាប់ ឬលក្ខន្តិកៈនៃការប្រកួតឡើយ»។
លោកកោតសរសើរចំពោះប្រតិភូដឹកនាំក្រុមកីឡាទោចក្រយានទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតក្នុងព្រឹត្តិការណ៍នេះប្រកបដោយស្មារតីមិត្តភាព និងសាមគ្គីភាព។ «ខ្ញុំស្នើសុំឱ្យមានការយោគយល់គ្នា ហើយគោរពឱ្យបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួតដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយក ឈ្នះ-ចាញ់ឡើយ ពោលគឺឈរលើស្មារតីកីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស។
ខ្ញុំក៏ស្នើសុំមន្ត្រីគណៈកម្មការបច្ចេកទេស សហព័ន្ធខ្មែរកីឡាទោចក្រយានត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួតជូន
ដល់កីឡាករ កីឡាការិនី ប្រកបដោយភាពយុត្តិធម៌ មិនលម្អៀង និងគោរពបានតាមបទបញ្ជាបច្ចេកទេសនៃការប្រកួតធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា»៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print