ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៖ មួយឆ្នាំ២០២១ អនុវត្តការងារបានយ៉ាងល្អ ពិសេសការងារទប់ស្កាត់កូវីដ-១៩និងការរៀបចំសណ្តាប់ធ្នាប់ បែចិញ្ចឹមត្រី, ផ្ទះបណ្តែតទឹកតាមដងទន្លេ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានសម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលក្នុងឆ្នាំ២០២១នេះបានពុះពារជម្នះរាល់ការលំបាក ទាំងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រែក្លាយរាជធានីភ្នំពេញពីគ្រោះអាសន្នមកកាន់ភាពកក់ក្តៅ ភាពញញឹមដូចសព្វថ្ងៃ ជាមួយនឹងការដោះស្រាយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាដែលបង្កមកពីទឹកជំនន់ ដោះស្រាយការកកស្ទះសំរាមក្នុងពេលដែលក្រុមហ៊ុនស៊ីនទ្រីមានបញ្ហា ហើយអ្វីដែលកាន់តែល្អថែមទៀតនោះគឺការរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អទៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងបែបនេះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ លោកសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំមន្ទីរសុខាភិបាល មន្ទីរអង្គភាពនានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសហការជាមួយកងកម្លាំងប្រដាប់អាវុធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រែក្លាយរាជធានីភ្នំពេញពីគ្រោះអាសន្នមកកាន់ ភាពកក់ក្តៅ ភាពញញឹមដូចសព្វថ្ងៃនេះ។លទ្ធផលនេះបានឆ្លុះបញ្ចាំងអំពីការលះបង់ខ្ពស់ និងសាមគ្គីភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងមកនេះ បានចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅបាន៨០,៩៣% នៃគោលដៅ ១.៤១២.៧៦៩នាក់។
អភិបាលរាជធានីភ្នំពេញ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរចាប់ពីថ្នាក់រាជធានីរហូតដល់មូលដ្ឋាន បានខិតខំប្រឹងប្រែងពេញមួយឆ្នាំក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ និងខិតខំពុះពារជម្នះរាល់ការលំបាកដែលបង្កឱ្យជំងឺកូវីដ-១៩ ដោះស្រាយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាដែលបង្កពីទឹកជំនន់ និងដោះស្រាយការកកស្ទះសំរាមក្នុងពេលដែលក្រុមហ៊ុនស៊ីនទីមានបញ្ហាទៀត។ បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ បានយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់បានល្អទៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញក្នុងឆ្នាំ២០២១នេះបានយ៉ាងល្អប្រសើរ។
លោក ម៉ប់ សារិន បានបន្តទៀតថា ចំពោះការងារបរិស្ថាន និងអនាម័យ និងការគ្រប់គ្រងសំណល់ ក្រោយពេលមានក្រុមហ៊ុនទាំង០៣ទទួលអនុវត្តប្រមូល និងដឹកសំរាមមកឃើញថា មានការថយចុះបរិមាណសំរាមជាងការដឹករបស់ក្រុមហ៊ុនស៊ុីនទ្រីកន្លងមក (ជាង៣ពាន់តោន មកនៅជាង២.៨១១តោនក្នុង១ថ្ងៃ) ឯទីតាំងប្រមូលសំរាមកើនឡើង។ដោយឡែកការចុះត្រួតពិនិត្យការបំពុលបរិស្ថាន (ក្លិន ផ្សែង សំឡេង) បានបង្ហាញទីតាំងបានច្រើន និងលទ្ធផលដែលចុះត្រួតពិនិត្យបានកំណត់ច្បាស់លាស់បានល្អ។ ការចុះសហប្រតិបត្តិការតាមខណ្ឌធ្វើបានល្អ អំពីការតាមដានទីតាំងសំណល់ធ្វើឱ្យការដឹក ជញ្ជូនមិនមានការកកស្ទះ និងបានលុបបំបាត់ដេប៉ូសំរាមរ៉ាំរ៉ៃដែលមានកន្លងមកពោលគឺការប្រមូលនិងដឹកសំរាមក្នុងទីក្រុងអនុវត្តបានជោគជ័យនិងមិនមានការកកស្ទះសំរាម។
ក្នុងកិច្ចប្រជុំនោះដែរក្រុមប្រឹក្សារាជធានីភ្នំពេញបានប្រកាសតែងតាំងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញថ្មីម្នាក់ឈ្មោះលោកម៉ម ម៉ាលី ជំនួសលោកស្រីឃួន
គឹមនី លេខរៀងទី៦ដែលទទួលមរណភាព៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print