ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន នៅវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែមករាម្សិលមិញនេះ នៅចំណុចចំការខ្នុរក្នុងទូរកុងតឺន័រ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
របាយការណ៍ដដែល បានឱ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ថាវ ហេរ៉ូ ភេទប្រុស អាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បានចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២៤កញ្ចប់(ធំ០១តូច២៣)
-ទូរស័ព្ទដៃចំនួន០២គ្រឿង -ជញ្ជីងថ្លឹងចំនួន០១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង
-កាំភ្លើងខ្លីចំនួន០១ ដើមម៉ាកK៥៩ បង់ចំនួន០២ និងគ្រាប់ចំនួន១៣គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធីនិងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖សហការី