ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយវណ្ណៈ បានថ្លែងថា, កម្ពុជារដ្ឋយើង មានអត្ថិភាពជាង២ពាន់ឆ្នាំ។ ប៉ុន្តែជាអកុសល ពេលវេលាសុខសាន្ត ការឯកភាពជាតិ និងឱកាសនៃការអភិវឌ្ឍន៍ប្រទេសជាតិនិងប្រជាជនយើង គឺមានតិចបំផុត ដោយសារតែពូជសាសន៍ខ្មែរយើងជួបវិបត្តិ និងសង្គ្រាមច្រើនសារ ច្រើនឆ្នាំពេកក្រៃ បង្កឡើងដោយសារតែការជ្រៀតជ្រែកពីបរទេសផង និងដោយសារជម្លោះផ្ទៃក្នុងយើងផង បានធ្វើឱ្យជាតិយើងបាត់បង់ឱកាសជាច្រើន ហើយបន្សល់នូវទុក្ខលំបាកដល់ប្រជាជនឥតល្ហែរល្ហើយ។ ឥឡូវនេះ យើងទើបមានឱកាសជាង៤០ឆ្នាំចុងក្រោយក្នុងការកសាងប្រទេសជាតិ ដ៏កំសត់នេះ ខណៈសេចក្តីត្រូវការរបស់ប្រទេសជាតិយើង គឺនៅមានជាច្រើនទៀត។ លោកថ្លែងបន្តថា, ខ្ញុំយល់ឃើញថា៖
១- ជាមួយបរទេស យើងបន្តរាប់អានគ្នាក្នុងទំនាក់ទំនងការទូតនិងសេដ្ឋកិច្ច ហើយយើងមានមិត្តច្រើនណាស់ជុំវិញពិភពលោក។ ប៉ុន្តែកុំផ្ញើក្តីសង្ឃឹមនិងកុំជឿបរទេសច្រើនពេកលើផ្លូវនយោបាយ ដែលវានាំចង្រៃ និងការបែកបាក់ដល់ប្រទេសជាតិយើង។ ប្រវត្តិសាស្ត្របង្ហាញរួចហើយ។ លន់ ណុល ដែលពឹងបរទេស ដល់តែ ប៉ុល ពត ចូលមក ហើយបរទេសដកថយ គឺខ្មែរនឹងខ្មែរសម្លាប់គ្នាដល់ឫសគល់។
២- ឥឡូវ ឱកាស«សន្តិភាព»នាពេលនេះ គឺមានតម្លៃណាស់។ កុំប្រមាថគុណតម្លៃសន្តិភាព។ អស់លោកអាចធ្វើនយោបាយ ឬធ្វើកិច្ចការងារអ្វីផ្សេងទៀត ក៏ត្រូវការប្រទេសមានសន្តិភាពដែរ។ យើងត្រូវយកឱកាសសន្តិភាពនេះ ខិតខំកសាងស្រុកទេសយើងបន្ថែមទៀត ឱ្យបានកាន់តែខ្លាំងក្លាលើខឿនការពារជាតិយើង ខឿនសេដ្ឋកិច្ចជាតិយើង សមត្ថភាពប្រជាជនយើង ស្មារតីជាតិនិយមរបស់យើង សាមគ្គីជាតិយើង និងព្រលឹងជាតិយើងឱ្យកាន់តែរឹងមាំ។
៣- ការធ្វើនយោបាយ ពិតណាស់គឺចង់បានអំណាចដឹកនាំ គ្រប់គ្រង និងចាត់ចែង។ ក៏ប៉ុន្តែ មិនមែនគ្រប់គ្នា មានសមត្ថភាពក្នុងការកាន់អំណាច ប្រើប្រាស់អំណាច ហើយអាចគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ និងចាត់ចែងកិច្ចការដទៃទៀតរបស់ប្រទេសជាតិឱ្យមានប្រសិទ្ធភាពបាននោះទេ។ បើអ្នកខ្លះសូម្បីតែចាត់ចែងផ្ទៃក្នុងបក្សមិនបានផង រកការសាមគ្គីផ្ទៃក្នុងបក្សខ្លួនមិនបានផង តើមានអ្វីអាចធ្វើបានលើសពីនេះ? លើភាពទន់ខ្សោយរបស់ខ្លួន សូមកុំបន្ទោសលើគូប្រជែង។ វាគឺជាសមត្ថភាព លទ្ធភាព ឬភាពកម្សោយ និងការទទួលខុសត្រូវរបស់ខ្លួនទាំងស្រុង។
៤- បញ្ហាសង្គម លើចំណុចមួយចំនួន គឺវាកើតឡើងពីជនឆក់ឱកាស ហើយវាក៏បង្កើតដោយអង្គការចាត់តាំង និងការប្រជែងដើម្បីតែចង់ផ្តួល ចង់ឈ្នះ ដោយមិនគិតពីគុណតម្លៃ និងសីលធម៌។ ទង្វើអ្វីក៏ដោយត្រូវគិតដល់ផលប្រយោជន៍ជាតិ និងចីរភាពជាតិ។ តើនិយាយថា ខ្លួនគ្មានសេចក្តីសុខយ៉ាងម៉េច? បើខ្លួនជេរប្រមាថ ហើយប្រមាថសូម្បីតែអង្គព្រះមហាក្សត្រ ជានិមិត្តរូបនៃការឯកភាពជាតិ។ ម្យ៉ាងទៀត បើខ្លួនក្តៅងំក្នុងចិត្ត ពោរពេញដោយកំហឹង ដោយគំនុំ ហើយខ្លួនមិនដែលនឹងផ្តល់ការគោរព ការទទួលស្គាល់គុណបំណាច់ និងគ្មានចេតនាផ្តល់សេចក្តីសុខដល់អ្នកដទៃផង តើរឿងអ្វីខ្លួនអាចមានសន្តិភាពផ្លូវចិត្ត? ទង្វើអ្វីក៏ដោយ ត្រូវគិតដល់កម្លាំងវាយបក លើទិដ្ឋភាពណាមួយនោះ រួមទាំងតាមផ្លូវច្បាប់ផង ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សង្គមសម្រាប់ទាំងអស់គ្នា។
៥- ដំណើរប្រជាធិបតេយ្យតាមយន្តការសភា គឺល្អណាស់។ វាល្អជាងធ្វើនយោបាយចេញពីព្រៃ ឬធ្វើនយោបាយដើរតាមផ្លូវ ដែលបង្កការលំបាកដល់ប្រជាជន។ ល្មមជម្រុះចោល ចរិតប្រជាធិបតេយ្យបរទេសនិយមហើយ ហើយក៏ល្មមបោះបង់ចរិតធ្វើនយោបាយដែលយកប្រជាជនជាឈ្នាន់ ឬការក្រាលឈាមប្រជាជន ឆ្ពោះទៅរកអំណាច ដែលមិនអាចយកបាន និងមិនស្ថិតស្ថេរនោះហើយ។ ល្មមលប់ចោលប្រយោគដែលថា «ខ្មែរពូជអ្នកចម្បាំង» ហើយក៏ឈប់រុញខ្មែរឱ្យជល់គ្នា។ ខ្មែរធុញទ្រាន់ពេកហើយ។ កុំអួត ខ្លាំងលើសមេឃ ពីព្រោះគ្មាននរណាអាចជប់ប្រទេសមួយ ក្នុង១យប់ឱ្យរីកចម្រើនខ្លាំងក្លាបាននោះទេ។ អ្វីៗ សុទ្ធតែត្រូវការកត្តាពេលវេលា។ ដូច្នេះ យើងទុកពេលឱ្យប្រជាជនកសាងជីវភាពឱ្យបានកាន់តែល្អប្រសើរ នោះសង្គមនឹងប្រែប្រួលល្អប្រសើរឡើងជាស្វ័យប្រវត្តិ។
៦- អ្នកមានលទ្ធភាពរួចហើយ ត្រូវបន្តធ្វើឱ្យបានល្អថែមទៀត ហើយងាកមកតបស្នងសង្គមវិញ តាមរយៈការចែករំលែក ការផ្តល់ក្តីមេត្តា ករុណា និងការជួយយកអាសារគ្នា។ «ល្មមនិយម គឺល្អណាស់» ហើយយើងឥតមានយកអ្វីទៅតាមបានទេ។ មនុស្សធម៌ សុជីវធម៌ និងគុណធម៌ គឺជាគ្រឿងលម្អនៃអំណាច តួនាទី បុណ្យស័ក្តិ និងភាពមានបានរបស់មនុស្ស។ អំពើល្អរបស់យើងម្នាក់ៗ គឺជាការកសាងបាននូវសុខុដមរមនា សីលធម៌សង្គម និងតម្លៃនៃប្រជាជាតិយើង ហើយជាមរតកគំរូសម្រាប់កូនចៅជំនាន់ក្រោយ។
៧- ខ្ញុំដឹងថា អស់លោកខ្លះនឹងមិនធ្វើតាមសំណូមពរនេះទេ ប៉ុន្តែយើងខ្ញុំក៏មិនព្រមឱ្យអស់លោកធ្វើអ្វីស្រេចតែចិត្តដែរ។ កម្ពុជា ត្រូវការបន្តដំណើរទៅមុខលើផ្លូវសន្តិភាព ទោះយឺតឬលឿន ប៉ុន្តែគឺជាដំណើរដែលខ្មែរត្រូវការ ហើយជាដំណើរទៅមុខដោយភាពប្រាកដនិយម៕