អធិការខណ្ឌមានជ័យថ្មីឡើងកាន់តំណែង មិនទាន់បានកន្លះខែផង មានករណីផ្ទុះអាវុធ៧គ្រាប់ក្នុងមូលដ្ឋានខណ្ឌ ហើយ ជនសង្ស័យគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់បានធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់ឡើងលើមេឃចំនួន ៧គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅវេលាម៉ោង២៣និង១៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកចូលវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ បានជិះរថយន្តមួយគ្រឿងម៉ាកព្រូស មិនចាំស្លាកលេខ និងម៉ូតូជាច្រើនគ្រឿងទៀត ធ្វើដំណើរមកដល់ចំណុចកើតហេតុ ហើយមិនដឹងថាមានការខឹងសម្បានឹងរឿងអ្វីឱ្យប្រាកដនោះទេស្រាប់់តែជនសង្ស័យភាគីខាងជិះម៉ូតូបានដកកាំភ្លើងខ្លីពីចង្កេះបាញ់មេឃចំនួន៧គ្រាប់ រួចក៏បើករថយន្តនិងម៉ូតូចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលសូន្យឈឹងតែម្តង។
ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការពួនស្ទាក់រហូតដល់ឃើញរថយន្តក្រុមជនសង្ស័យ ក៏បានដេញប៉ផាប់ចាប់ពភីងរហូតដល់ចំណុចវត្តដំបូកខ្ពស់ក៏បានបាត់ដានសូន្យតែម្តងទៅ បណ្តាលឱ្យក្រុមជនសង្ស័យទាំងអស់អាចរត់គេចខ្លួនបានទៅដោយសម្រួល ។
យ៉ាងណាមិញ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌមានជ័យ បានចុះធ្វើអន្តគមន៍ដល់ទីតាំងកើតហេតុ ( ចំណុចផ្ទុះអាវុធ ) និងបានរើសសម្បកកាទុស្សគ្រាប់កាំភ្លើងបានចំនួន៤គ្រាប់ ក្នុងចំនួន៧គ្រាប់។

សូមបញ្ជាក់ថា ជុំវិញករណីនេះសំណាងណាស់ដែរដែលខ្មាន់កាំភ្លើងបាញ់ឡើងទៅលើមេឃ ប្រសិនបើជនល្មើសមានការគំុកួន ឬស្អប់នរណាម្នាក់នោះ មិនដឹងជាមានមនុស្សប៉ុន្មាននាក់ត្រូវរងរបួសនោះទេ ហើយនេះក៏ជាការស្វាគមន៍លោកអធិការថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យផងដែរ។ មហាជននៅរង់ចាំមើលថាតើ អធិការទើបតែឡើងកាន់តំណែងថ្មីថ្មោង មិនទាន់ដល់១ខែស្រួលបួលផងនោះអាចមានសមត្ថភាពក្នុងការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យដែលព្រហើនបាញ់នៅកណ្តាលរាជធានីភ្នំពេញបានដែរឬទេ ? ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print