ខេត្តបន្ទាយមានជ័យ ៖ ចាត់ទុកជាសំណួរមួយសម្រាប់មន្រ្តីទទួលប្រាក់បៀវត្សពីរដ្ឋខណ:បំពេញភារកិច្ចជូនរដ្ឋច្រើនឆ្នាំ ហើយត្រូវបានចូលនិវត្ត តើបានបន្សល់ទុកស្នាដៃនិងកេរ្តិ៍ឈ្មោះអ្វីខ្លះជូនជាតិមាតុភូមិ? សម្រាប់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរហាល នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យដែលបានប្រកាសឲ្យចូលនិវត្តន៍ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ត្រូវបានប្រជាពលរដ្ឋនិងមន្រ្តីនគរបាលជាច្រើនកោតសរសើរពីស្នាដៃមួយចំនួនដែលលោកបានកសាងនិងបន្សល់ទុកសម្រាប់ប៉ុស្តិ៍រដ្ឋបាលរហាល ។
ជាមួយនេះ ដោយមើលឃើញស្នាដៃរបស់លោក អនុសេនីយ៍ឯក សោន គីម អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរហាល ដែលចាត់ទុកជាគំរូមួយដល់មន្រ្តីនគរបាលឯទៀតនោះ លោកវរសេនីយ៍ ឯក មាស ប្ញទ្ធី អធិការនរបាល ស្រុក ព្រព្រះនេត្រព្រថ្លែងឲ្យដឹងថា ក្នុងនាមលោកជាថ្នាក់ដឹកនាំអធិការដ្ឋាន ជំនួសមុខកងកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាលរហាល សូមសម្តែងនូវការអរគុណ លោក សោន គីម អតីតនាយប៉ុស្តិ៍រដ្ឋបាលដែលត្រូវបានក្រសួង សម្រេចឲ្យចូលនិវត្តន៍ថ្មីៗនេះ តាមអាយុកាលដែលក្រសួងបានកំណត់ បន្ទាប់ពីលោកបានបំពេញកាតព្វកិច្ចបម្រើជាតិនិងប្រជាជនជាច្រើនឆ្នាំមកនោះ ។ បើទោះបីបច្ចុប្បន្ន លោកបានបញ្ចប់ជីវិតជាមន្ត្រីនគរបាលជាតិក៏ពិតមែន ប៉ុន្តែមុនពេលដែលលោកចាកចេញទៅ លោកបានបន្សល់ទុកនៅស្នាដៃរបស់លោកដែលបានប្រមូលកៀរគរសប្បុរសជនជួយធ្វើផ្លូវចាក់បេតុងតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅប៉ុស្តិ៍រដ្ឋបាលប្រវែង៤០ម៉ែត្រ និងទទឹង ៤ម៉ែត្រ ។ ក្នុងនោះបានចាក់សាបក្នុងបរិវេណជុំវិញដងទង់ជាតិមុខប៉ុស្តិ៍មានបណ្តោយ១២ម៉ែត្រនិងទទឹង៨ម៉ែត្រ និងសមិទ្ធផលជាច្រើនទៀត។ ទាំងនេះនៅមិនទាន់គិតពីការដែលលោកបានចូលរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានផងដែរ។ ដូច្នេះនេះគឺជាស្នាដៃដ៏ធំធេងរបស់លោក ដើម្បីមន្ត្រីនគរបាលជំនាន់ក្រោយ អនុវត្តតាមនូវគំរូដ៏ល្អនេះ មិនអាចសាបសូន្យបានដូចពាក្យចាស់លោកពោលថា«ទូកទៅ កំពង់នៅ»ឬ នៅឲ្យគេស្រលាញ់ ពេលចេញឲ្យគេស្រណោះ។
ជាមួយគ្នានោះផងដែរ លោកអធិការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមកសាងផ្លូវចូលប៉ុស្តិ៍ និងបរិវេណប៉ុស្តិ៍រដ្ឋបាលរហាល មានទីធ្លាល្អសមរម្យ និងសមិទ្ធផលជាច្រើនទៀត៕
ដោយ÷ប្រាថ្នា