ភ្នំពេញ : ស្ថិតក្នុងព្រះរាជហឫទ័យខ្វាយខ្វល់ និងទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត ព្រមទាំងព្រះរាជតម្រិៈគោរពដង្ហែតាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា ដែលអង្គសម្តេចព្រះវររាជបិតាសុខាភិបាលជាតិ ស្តេចបានដឹកនាំកសាងអភិវឌ្ឍជាតិខ្មែរ រីកចម្រើនជឿនលឿនលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលជាតិ ដែលបានបម្រើឲ្យការរស់នៅរបស់ប្រជានុរាស្រ្តមានភាពល្អប្រសើរខ្ពង់ខ្ពស់ឧត្តុង្គឧត្តម នាពេលថ្មីៗក្នុងសប្តាហ៍ទី២ នៃខែមករា ឆ្នាំ២០២២ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១០មុឺនដុល្លារអាមេរិក ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបម្រើសេវាព្យាបាល និងថែទាំជូនដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃស្របតាមព្រះរាជតម្រិៈនៃអង្គសម្តេចឪ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ក្នុងនោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមនាមជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ៣,០០០ដុល្លារសហរដ្ឋអាមេរិក ជូនដល់ កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមក្នុងការជួយសង្រ្គោះដល់ប្រជានុរាស្រ្តទទួលជួបការលំបាកផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា៕