ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់និង ២នាក់ទៀតរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកស៊ុយសូគី និច
ឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន បុកជាមួយម៉ាកហុងដា សេ១២៥បញ្ច្រាសគ្នាពេញទំហឹងបណ្ដាលអោយដួលរណូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៩នាទីយប់ ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២២ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះ
នួន សុខា អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងធំ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវៃងជិះម៉ូតូម៉ាកស៊ុយសូគី និច ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១O-៣៩៧៨។
ចំណែកភាគីរងគ្រោះមានឈ្មោះគិ ហី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរខេមរភូមិន្ទ(កងវិស្វកម្ម) មានទីលំនៅភូមិរកាខ្នុរ ឃុំការខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ហាន សីហោះ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកងវិស្វកម្ម មានទីលំនៅភូមិដូនស្វាយ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាបជិះម៉ូតូម៉ាកហុងដា សេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១B-៩១៨៥។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគី និច ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១O-៣៩៧៨ នៅលើផ្លូវជាតិលេខ១ហើយបាន
ឆ្លងកាត់ថ្នល់ពីកើតទៅលិច ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១B-៩១៨៥ជិះគ្នា២នាក់ក្នុង ទិសដៅពីលិចទៅកើត បញ្ច្រាស់គ្នាយ៉ាងពេញទំហឹង
បណ្ដាលអោយដួលរណូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
សព ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖ យឹម សុថាន