ភ្នំពេញ៖ បុគ្គលិកកម្មករនៃភោជនីយ៍ដ្ឋានចិនយីហោ ស៊ាវស៊ាវ បានសម្រេចចិត្តចូលធ្វើការវិញហើយ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ក្រោយពីមានការឯកភាពគ្នារវាងម្ចាស់ហាង និងបុគ្គលិកទាំងអស់ ដោយយល់ព្រមតាមច្បាប់ការងារចំនួន៣ចំណុច បន្ទាប់ពីពួកគាត់បានលើបដាតវ៉ា មិនព្រមចូលធ្វើការងារព្រោះតែថៅកែហាងមិនឲ្យឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
គួរបញ្ជាក់ថាបុគ្គលិកកម្មករបានធ្វើការតវ៉ា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចហាងម្ហូបចិនយីហោ ស៊ាវស៊ាវ ទីតាំងលេខ២៨៤ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
បើតាមប្រភពព័ត៌មានពីបុគ្គលិកទាំងអស់នោះ បានឲ្យដឹងថាមូលហេតុនៃការតវ៉ានេះ គឺម្ចាស់ភោជនីដ្ឋានខាងលើបានបពា្ឃប់ការងារពួកគាត់ ដោយម្ចាស់ហាងបង្ខំឲ្យពួកគាត់ធ្វេីការថ្ងៃចូលឆ្នាំ ប៉ុន្តែពួកគាត់មិនព្រម ហេីយក៏បាននាំគ្នាឈប់ រហូតដល់ក្រោយចូលឆ្នាំទេីបពួកគាត់ចូលធ្វេីការវិញ ប៉ុន្តែម្ចាស់ហាងមិនព្រមទទួលឲ្យធ្វេីការទៀតទេ ហេីយក៏មិនបេីកប្រាក់ខែឲ្យដែរ។
ដោយឡែកអាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា វិធានការណ៍ដោះស្រាយរវាងភាគីទាំង២ (កម្មករនិងថៅកែហាង) បានឯកភាពគ្នាដោយម្ចាស់ភោជនីយ៍ដ្ឋានយល់ព្រមយកបុគ្គលិកទាំងអស់ចំនួន១៣ ក្នុងនោះស្រី៨នាក់ឲ្យចូលធ្វើការវិញហើយ ដោយឯកភាពលើលក្ខខណ្ឌ៣ចំណុចគឺៈ
ទី១-យល់ព្រមបើកប្រាក់ឈ្មួលឲ្យបុគ្គលិកយ៉ាងយូរត្រឹមថ្ងៃទី៨ជារៀងរាល់ដើមខែ ដោយឡែកប្រាក់បៀវវត្តន៍ប្រចាំខែមីនា និងត្រូវបើកឲ្យនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះតែម្តង។ ទី២-យល់ព្រមឲ្យឈប់សម្រាកចំនួន២ថ្ងៃក្នុងមួយខែ និងទី៣-យល់ព្រមឲ្យចូលបម្រើការងារវិញជាធម្មតា ៕
ដោយ៖ ស ដារ៉ា