លោកបណ្ឌិត អុិត សំហេង៖ យុវជនជាសសរទ្រូង ជាអ្នកបន្តវេនដ៏មានថាមពលរួមគ្នាលើការអភិវឌ្ឍជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យបេក្ខភាពជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២១-២០២២ ចំនួន ១៨នាក់ (ស្រីចំនួន ៨នាក់) មានសមាសភាពជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាល ចូលជួបសម្តែងការគួរសម និងផ្តល់នូវព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយស្ថានភាពបច្ចុប្បន្នភាពថ្មីៗ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងការងារ​ បានសម្តែងនូវការអបអរសាទរចំពោះបេក្ខភាពអាហារូបករណ៍ដែលទទួលបានការសិក្សានៅប្រទេសអូស្ត្រាលី ដែលអាចចាត់ទុកបានថាជាឱកាសដល់មានតម្លៃមួយសម្រាប់កូនខ្មែររបស់យើងដែលទទួលបានឱកាសបានទៅសិក្សានៅប្រទេសដែលមានភាពរីកចម្រើនលើផ្នែកបណ្តុះបណ្តាលធនធានមនុស្សមួយនេះ។

លោករដ្ឋមន្រ្តី​ បញ្ជាក់ថា៖ « នេះជាបរិបទថ្មីប្រចាំជីវិតរបស់ក្មួយៗ គ្រួសារក្មួយៗផ្ទាល់ពិតជារីករាយ និងសប្បាយចិត្តណាស់ចំពោះក្មួយៗ។ រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានមោទកភាព ដែលបានបង្កើតឱកាសនេះ ជូនដល់ក្មួយៗជាយុវជន។ ពូ ជឿជាក់ថា ការសិក្សារបស់ក្មួយនឹងទទួលបានជោគជ័យ ក្លាយជាមនុស្សថ្មីដែលមានសមត្ថភាពខ្ពស់ជាងពេលនេះ។ នេះជាការតបស្នង ដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រលាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្តល់អាហារូបករណ៍»។

លោកបណ្ឌិត អ៉ិត សំហេង បានរំលេចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងគ្រប់វិស័យ ក្នុងនោះផ្នែកធនធានមនុស្ស ត្រូវបានកាប់សម្លាប់យ៉ាងរង្គាល លុះថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រទេសយើងត្រូវបានងើបជាបណ្តើរៗលើការកសាងជាតិឡើងវិញ។ គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្ស បានបង្កើនបន្តិចម្តងៗ លើការអប់រំ និងការបណ្តុះបណ្តាលជំនាញ ដែលធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះ ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ការស្វែងរកអាហារូបករណ៍ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលដល់យុវវ័យអាចទៅសិក្សារៀនសូត្រ។ តាំងពីទស្សវត្សរ៍៨០ បានជម្រុញការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងសហគមន៍សង្គមនិយម។ កម្ពុជាយើងមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើន គ្រប់កម្រិត ជាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ បានកំពុងចូលរួមក្នុងការងារលើគ្រប់វិស័យទាំងសាធារណៈ និងឯកជន។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា៖​ រាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយយុវជន ដោយយុវជនជាសសរទ្រូង ជាអ្នកបន្តវេនរបស់ជាតិ ផ្តល់ជូននូវឱកាសមាស គឺសន្តិភាព, ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលជំនាញ, ទទួលបានការងារ មុខរបរ, ចូលរួមក្នុងសកម្មភាពសង្គម, ទទួលបានការតែងតាំងតាមសមត្ថភាព និងស្នាដៃជាមួយរូបមន្តរក្សាចាស់បន្ថែមថ្មី ។ ចលនាយុវជន ដែលដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន និងជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី កំពុងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីអនាគតភ្លឺស្វាងមួយរបស់យុវជន។ សូមចាំថាឱកាសល្អមិនមានគ្រប់ពេលវេលានោះទេ កត្តាសុខសន្តិភាពជាគន្លឹះ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ នេះជាអ្វីដែលយុវជនជាអ្នកបន្តវេន ត្រូវរៀនសូត្រ។

លោករដ្ឋមន្រ្តីក្រសួងការងារ​ ក៏បានលើកឡើងពីវឌ្ឍនភាព នៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាវិស័យមួយដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់មួយ ដែលអនុវត្តដោយជោគជ័យ ក្នុងនោះកម្មវិធីសំណេះសំណាលរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, កម្មករនិយោជិត, ជម្រុញគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍវិស័យឧស្សាហកម្ម, ផ្តល់អនុសាសន៍ ១០ចំណុចជាគោលនយោបាយ និងសកម្មភាពជាក់ស្ដែងក្នុងវិស័យការងារ។

ជាមួយគ្នានេះ​ លោករដ្ឋមន្ត្រីបានផ្តាំផ្ញើ ដល់បេក្ខភាពអាហារូបករណ៍ដែលបានសិក្សានៅប្រទេសអូស្ត្រាលី ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីប្រទេសដែលមានការរីកចម្រើន លើការបណ្តុះបណ្តាលធនធានមុស្សមួយនេះ ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ខ្លួន។ ថែរក្សាសុខភាព ជាពិសេសក្នុងបរិបទនៃកូវីដ-១៩នេះ គឺត្រូវប្រកាន់ឲ្យបានភ្ជាប់នូវវិធានអនាម័យ។ ត្រូវចូលរួមសកម្មភាពសង្គមនានា ជួយផ្សព្វផ្សាយសភាពការណ៍ព័ត៌មានត្រឹមត្រូវពីកម្ពុជា ជាពិសេសគឺត្រូវរក្សាបាននូវសាមគ្គីភាព ទំនាក់ទំនងគ្នាឲ្យកាន់តែល្អ ចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងពេលមានអាសន្ន ចេះសម្របខ្លួនរស់នៅក្នុងសហគមន៍ដែលមានវប្បធ៌ម និងជាតិសាសន៍ខុសៗគ្នា និងជូនពរឲ្យទទួលបានជោគជ័យនៅក្នុងការសិក្សារបស់ខ្លួន។

គួរបញ្ជាក់ជូនថា អាហារូបករណ៍ Australia Awards គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាពមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសជាដៃគូ ដោយស្របតាមកិច្ចព្រមព្រៀងសកល ទ្វេភាគី និងតំបន់។ Australia Awards មានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ក៏បានផ្តល់ឱកាសសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍វិជ្ជាជីវៈ ដល់ប្រជាជនកម្ពុជាដែលមានទេពកោសល្យ និងជាអ្នកដឹកនាំជំនាន់ក្រោយ ដែលមានបំណងនាំយកនូវឥទ្ធិពលវិជ្ជមានមកកាន់ប្រទេសរបស់ពួកគេ ក៏ដូចជាមានបំណងកសាងអាជីពការងារដែលរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍របស់កម្ពុជានាពេលអនាគត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print