ខេត្តព្រះសីហនុ ៖ ជាមួយនឹងការផ្សព្វផ្សាយអំពីប្រទេសកម្ពុជាជា «គោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន» ប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ានមួយដែរនោះ បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរខ្ពស់ដល់កម្ពុជាដែលបានបោះជំហានក្នុងការបើកទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
ការបញ្ជាក់របស់ភាគីមីយ៉ាន់ម៉ាយ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជាមួយលោក តេ អួង (Htay Aung) រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា និងប្រតិភូមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពោលគឺក្នុងឱកាសនៃការចូលរួមវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ (១៦-២២ មករា ២០២២)។
នាឱកាសជំនួបខាងលើនោះ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រទេសទទួលភ្ញៀវទេសចរឡើងវិញ «ទេសចរណ៍សុវត្ថិភាព» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរហូតមកដល់ពេលនេះមានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជា ក្នុងមួយថ្ងៃជិត២,០០០នាក់។
លោករដ្ឋមន្រ្តី ថោង ខុន ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ដោយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាជនកម្ពុជាទូទាំងប្រទេសបានទទួលការចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ ចាប់ពីអាយុ៥ឆ្នាំឡើងទៅ ដែលរហូតមកដល់ពេលនេះបានបន្តផ្តល់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) និងឈានទៅចាប់ផ្តើមចាក់ដូសទី៤ ក្នុងស្ថានការណ៍នៃវីរុសបំប្លែងថ្មីអូមីក្រុង រហូតឈានទៅសម្រេចបានភាពស៊ាំក្នុងសហគមន៍ឆ្ពោះទៅការបើកសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព។
លោករដ្ឋមន្រ្តីមីយ៉ាន់ម៉ា តេ អួង បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរខ្ពស់ដល់កម្ពុជាក្នុងការបោះជំហានឆ្ពោះទៅបើកទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
លោក តេ អួង បានថ្លែងយ៉ាងដូច្នេះថា «បទពិសោធន៍នេះនឹងក្លាយជាគំរូសម្រាប់មីយ៉ាន់ម៉ា ដើម្បីស្តារវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ»។
អង្គប្រជុំទ្វេភាគីនេះបានពិភាក្សាគ្នាលើការងារបន្ថែមទៀតស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ រួមមាន៖
១៖ ជំរុញការសិក្សាទីផ្សារ និងផ្សព្វផ្សាយរួមគ្នា។
២៖ ជំរុញលើកទឹកចិត្តឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
៣៖ ជួយគ្នាទៅវិញទៅមកលើការអភិវឌឍន៍ធនធានមនុស្ស និងកសាងសមត្ថភាពដល់អ្នកជំនាញ។
៤៖ ផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់សម្រាប់ផ្នែករដ្ឋ ឯកជន និងសារព័ត៌មាន។
៥៖ ជំរុញឲ្យកាន់តែខ្លាំងឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអនុតំបន់នានា ដូចជា កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការ ACMECS និងកិច្ចសហប្រតិបត្តិការ CLMV។
ភាគីមីយ៉ាន់ម៉ាក៏បានស្វាគមន៍និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី ACMECS លើកទី៥ (កម្ពុជាជាប្រធាន) និងកិច្ចប្រជុំរដ្ឋមន្រ្តី CLMV លើកទី៦ (ឡាវជាប្រធាន) ក្នុងខែឧសភា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
លើសពីនេះទៀត ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមកក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពជាមិត្តភក្តិ ដែលធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកពីអតីតកាល៕
ដោយ : សិលា