ខេត្តព្រះសីហនុ ; សូមកុំភ្លេច រង់ចាំមើលកាំជ្រួចដ៏អស្ចារ្យ ដែលបាញ់ចេញពីសមុទ្រក្នុងក្រុងព្រះសីហនុ នាយប់ថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អបអរសាទរវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបាន ជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមឱ្យក្រសួងទេសចរណ៍រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងការ តាំងពិព័រណ៏ទេសចរណ៍(Travex) នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដោយមាន ការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា អង្គទូតនានា និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន ព្រមទាំងក្រុមហ៊ុនជាតិ-អន្តរជាតិ ។
ដើម្បីចូលរួមអបអរសាទរការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំបាញ់កាំជ្រួចចំនួន ២លើក គឺនៅយប់ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ហាការដ្ឋានកងរាជ អាវុធហត្ថខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងទទួលបានលទ្ធផលល្អ៕
ដោយ : សិលា