ខេត្តរតនគិរី : នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២ ២ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក Park Heung Kyung ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណេីរដោយ លោកអភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារគាំពារមាតា និងទារក នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
លោកបណ្ឌិតសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងក្នុងពិធីនោះថា អគារគាំពារមាតា និងទារក ដែលកំពុងបញ្ចុះបឋមសិលាសាងសង់នៅពេលនេះ នឹងលេចជារូបរាងឡើងក្នុងពេលដ៏ឆាប់ខាងមុខ គឺជាចំណងដៃរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ប្រជាជននៅក្នុងខេត្តរតនគីរី ដែលនឹងចូលរួមចំណែកក្នុងការផ្តល់សេវាសុខភាពមាតា ទារក និងកុមារកាន់តែល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងអ្នកដែលត្រូវចាក់ដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍ និងត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ។
ជាទីបញ្ចប់ លោកបណ្ឌិតសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាលកូរ៉េ អង្គការ KOICA ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាដល់វិស័យសុខាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព៕
ដោយ : សិលា