ការប្រឈមមុខតានតឹងរវាងរុស្ស៊ី នឹងអ៊ុយក្រែនជិតឈានដល់ចំណុចផ្ទុះសង្គ្រាមទប់លែងបានហើយ ដោយប្រទេសទាំងពីរបានត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើសង្គ្រាម ។ ក្នុងពេលនេះដែរ អង់គ្លេសបានបញ្ជូនទាហានទៅហ្វឹកហាត់ទាហានអ៊ុយក្រែនឱ្យចេះប្រើប្រាស់អាវុធដែលអង់គ្លេសបានផ្តល់ជូននាពេលកន្លងមក។ តាមសារព័ត៌មាន Sky News បានផ្សាយនៅថ្ងៃទី២២ខែមករាថា កម្លាំងទាហានអង់គ្លេស៣០នាក់បានទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីបង្វឹកហាត់កម្លាំងទាហានអ៊ុយក្រែនឱ្យចេះប្រើប្រាស់អាវុធប្រឆាំងរថក្រោះដែលប្រទេសអង់គ្លេសបានផ្តល់ជូនរដ្ឋាភិបាលទីក្រុង Kiev ។ កម្លាំងទាហានអង់គ្លេសក៏បានយកទៅជាមួយនូវជើងទម្របាញ់មីស៊ីលប្រឆាំងរថក្រោះចំនួន២០០០ដើមផងដែរ។ ចំណែកប្រទេសអាល្លឺម៉ង់វិញ បានបញ្ជូនបរិក្ខារ «មន្ទីរពេទ្យសមរភូមិ» ទៅកាន់អ៊ុយក្រែន ចំពោះមុខការបារម្ភពីការផ្ទុះសង្រ្គាមជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បាននិយាយថាប្រទេសរបស់លោកស្រីនឹងបញ្ជូន «បរិក្ខារមន្ទីរពេទ្យនៅសមរភូមិ» ទៅកាន់ប្រទេសអ៊ុយក្រែន ចំពោះមុខការបារម្ភពីលទ្ធភាពផ្ទុះសង្រ្គាមជាមួយរុស្ស៊ី។ ការកត់សម្គាល់ខាងលើរបស់លោកស្រី Christine Lambrecht គឺធ្វើឡើងក្នុងពេលប្រាប់សារព័ត៌មានអាល្លឺម៉ង់ វែល អាំ សុនថាក (Welt am Sonntag) នៅថ្ងៃសៅរ៍នេះ ហើយនេះបានបង្ហាញពីជំហរចា្រនចោលសំណើរបស់ទីក្រុងអ៊ុយក្រែនដែលស្នើឱ្យអាល្លឺម៉ង់បញ្ជូនសព្វាវុធ។ លោកស្រី Lambrecht បានបញ្ជាក់ដូច្នេះថា «យើងឈរនៅខាងទីក្រុងកៀវ។ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបន្ធូរបន្ថយភាពតានតឹង…ប៉ុន្តែការបញ្ជូនសព្វាវុធមិនមែនជាមធ្យោបាយក្នុងពេលនេះទេ ហើយនេះជាជំហរកុងសង់ស៊ីសនៃរដ្ឋាភិបាលអាល្លឺម៉ង់»។ រុស្ស៊ីបានរងការចោទប្រកាន់ពីបណ្ដាប្រទេសលោកខាងលិច ចោទប្រកាន់ថាបានដាក់ពង្រាយកងទ័ពជិត «១សែននាក់» នៅក្បែរ តំបន់ព្រំដែនអ៊ុយក្រែន ហើយចំនួនកងទ័ពដ៏ច្រើនសន្ធឹកបែបនេះត្រូវបានក្រុមមន្ត្រីអាមេរិកចាត់ទុកថាជាការត្រៀមលក្ខណៈលើកទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែននៅក្នុងខែមករានេះ ឬនៅដើមខែកុម្ភៈខាងមុខ។ ខាងរុស្ស៊ីក៏បានចេញមុខបដិសេធជាច្រើនផងដែរថាខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយនោះទេ តែបានព្រមានទុកជាមុនក្នុងការចាត់វិធានការឆ្លើយតប ប្រសិនបើមានសកម្មភាពបង្ករឿងណាមួយពីអ៊ុយក្រែន និង NATO៕ ដោយសាធី
រូបថត៖Business Insider.