ខេត្តកំពង់ចាម÷ជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេសA ក្នុងឆ្នាំសិក្សា ២០២០-២០២១លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២នេះ អញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងផ្តល់ការឧបត្ថម្ភជា សម្ភារ និងថវិកាមួយចំនួនជូនដល់សិស្សានុសិស្ស នៅក្រុងកំពង់ចាម ចំនួន៣២ នាក់ ដែលទទួលបាននិទ្ទេសA ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ នៅសាលាខេត្តកំពង់ចាម។ ពិធីនេះក៏មានការចូលរួមពីអភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, អាជ្ញាធរក្រុងកំពង់ចាម, ប្រធានមន្ទីរអប់រំ យុវជននិងកីឡា , លោកនាយកសាលា លោកគ្រូ អ្នកគ្រូ, អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេសA ចំនួន ៣២ នាក់ នៅក្នុងក្រុងកំពង់ចាមផងដែរ។
ថ្លែងក្នុងឱកាសនោះលោក អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សគ្រប់មធ្យោបាយ ទាំងតាមអនឡាញ និងបង្រៀនដោយផ្ទាល់ ក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ រហូតសិស្សានុ សិស្ស យើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាពេលនេះ។ ជាពិសេសលោកអភិបាលខេត្តក៏បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្សទាំងអស់ ដែលបានទៅចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ ដែលទទួលបានលទ្ធផលប្រឡងជាប់ទូទាំងខេត្ត រហូតទៅដល់ ៦៣.៩៧% ឬស្មើរនឹង ចំនួន ៤៣៣៣ នាក់ ស្រីចំនួន ២៦១៥ នាក់។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បាន ជំរុញ និងលើកទឹកចិត្តឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រចំណេះជំនាញ នៅមហាវិទ្យាល័យជាបន្តទៀត ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ និងជាបញ្ញវ័ន្ដ នាពេលអនាគត នឹងដើម្បីយកចំណេះជំនាញទាំងនោះ ទៅចូលរួមចំណែកកសាង អភិវឌ្ឍន៍ជាតិមាតុភូមិ កម្ពុជា និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាការលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សដែលទទួលបាននិន្ទេសA នាពេលនេះ លោកអ៊ុន ចាន់ដា អភិបាល ខេត្ត ក៏បានឧបត្ថម្ភ សម្ភារៈ និងថវិកាមួយចំនួន ជូនដល់សិស្សានុសិស្សដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និន្ទេស A សម្រាប់ឆ្នាំសិក្សា ២០២០ -២០២១ ដោយក្នុងសិស្សម្នាក់ៗ ទទួលបាន÷
-កុំព្យូទ័រ (Latop) ១ គ្រឿង ថវិកា ចំនួន ៤០០,០០០ រៀល និងសម្ភារសិក្សាមួយចំនួនទៀត៕
ដោយ៖ សូរិយា