ភ្នំពេញ៖ ល្ងាចថ្ងៃទី២១ខែមេសានេះ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរនឹងដឹកនាំសិល្បករសិល្បការិនីមួយចំនួនដើម្បីចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃរបស់តារាសម្តែង និងចម្រៀងពីររូបគឺលោក រាជ បុរី និងអ្នកស្រីហួត សារ៉ាវឌី ដែលស្លាប់បាត់បង់ជីវិតកាលពីអំឡុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ។
ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បៈដែលនឹងចូលរួមកម្មវិធីគម្រប់៧ថ្ងៃនេះមានដូចជា លោក សុះ ម៉ាចប្រធានសមាគមសិល្បករខ្មែរ លោកស្រី ថុង ស៊ីវទៀង អ្នកស្រីចាន់ តារាទី លោក អ៊ឹម ជីវ៉ា និងសិល្បករជាច្រើនរូបទៀតដែលដំបូងពួកគេនឹងចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃរបស់តារាសម្តែង និងចម្រៀង អ្នកស្រីហួត សារ៉ាវឌី ដែលនឹងធ្វើឡើងនៅក្នុងបរិវេណវត្តចាក់អង្រែលើ និងបន្តទៅចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃរបស់តារាចម្រៀង និងសម្តែង លោករាជ បុរី ដែលនឹងធ្វើឡើងនៅក្នុងបរិវេណវត្តចាក់អង្រែក្រោម។ នេះបើតាមការបញ្ជាក់ពីលោក សុះ ម៉ាច ដែលបានបញ្ជាក់កាលពីថ្មីៗនេះ។ លោកក៏អំពាវនាវឲ្យសិល្បកររួមអាជីពទាំងអស់ចូលរួមកម្មវិធីបុណ្យខាងលើបើទោះបីជាក្នុងថ្ងៃពិធីបុណ្យសពពួកគេមិនបានចូលរួមក្តី ហើយវានឹងបង្ហាញពីសណ្តានចិត្តអាណិតស្រលាញ់ និងសាមគ្គីភាពរវាងសិល្បករនិងសិល្បករគ្រប់ជំនាន់។
គួរបញ្ជាក់ដែរថា តារាចម្រៀង និងសម្តែងជើងចាស់ល្បីឈ្មោះក្នុងទសវត្សរ៍ទី៩០ នាង ហួត សារ៉ាវឌីបានស្លាប់បាត់បង់គួរឲ្យអនិច្ចានៅតាមដងផ្លូវជាតិលេខ១ ពេលនាងចាកចេញទៅស្រុកកំណើតនៅខេត្តព្រៃវែងនៅវេលាម៉ោងជាង៧យប់ក្នុងថ្ងៃទី១៤ ខែមេសា។ តាមការសន្និដ្ឋានជំហ៊ានដំបូងរបស់មន្ត្រីប៉ូលីសចរាចរណ៍ខេត្តព្រៃវែងបានបញ្ជាក់ថាអ្នកស្រី ហួតសារ៉ាវឌី បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែគ្រួសារសពថាជាករណីឃាតកម្មរំលោភសម្លាប់។
មួយថ្ងៃបន្ទាប់ពីការស្លាប់របស់តារាចម្រៀងខាងលើ លោក រាជ បុរី ដែលគេស្គាល់ថាជាតារាចម្រៀងប្រចាំផលិតកម្ម Classic បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍ក្រឡាប់រថយន្តកាមរីបាឡែន ។ លោករាជ បូរី បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅក្រុងប៉ោយប៉ែតពេលរូបលោក និងតារាចម្រៀង រាជ បូរី ព្រមទាំងមនុស្ស៣នាក់ផ្សេងទៀតជិះក្នុងឡានជាមួយគ្នា ធ្វើដំណើរមកពីដើរលេងកម្សាន្តវិញពីក្រុងបាងកកប្រទេសថៃ ដោយនៅក្នុងនោះមានមនុស្សម្នាក់ទៀតជាស្ត្រីវ័យជាង៦០ឆ្នាំក៏បានស្លាប់ក្នុងហេតុកាណ៍ខាងលើនោះដែរ។
នេះក៏ជាការជូនដំណឹងដល់បណ្តាសិល្បកររួមអាជីព ដែលមានបំណងទៅចូលរួមកម្មវិធីបុណ្យគម្រប់៧ថ្ងៃខាងលើផងដែរ៕
ដោយ៖ វឌ្ឍនា