ខេត្តប៉ៃលិន៖ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានទាក់ទងផ្ញើប្រអប់មួយតាមរយៈក្រុមហ៊ុន J&T ហហើយត្រូវបានក្រុមហ៊ុនកើតមានការសង្ស័យក៏បើកមើល ស្រាប់តែប្រទះឃើញគ្រាប់បែកកែច្នៃ១គ្រាប់នៅខាងក្នុងប្រអប់នោះ។
ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណ បានទូរស័ព្ទមកក្រុមហ៊ុន J&T តាមរយៈទូរស័ព្ទលេខ ០១១ ២១៧ ០៤៤ ហើយប្រាប់ថា ឱ្យទៅយកឥវ៉ាន់ នៅចំណុចតារាងបាល់ ខាងកើតរូបសំណាកលោកយាយយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លុះដល់ម៉ោង ៦និង៥៤នាទីយប់ បុគ្គលិកក្រុមហ៊ុនបានទៅយកអីវ៉ាន់ពីជនមិនស្គាល់អត្តសញ្ញាណ នៅចំណុចខាងលើ ហើយជននោះបានប្រាប់ទៅខាងក្រុមហ៊ុនមិនឱ្យបើកមើលឥវ៉ាន់នោះទេ។ លុះក្រោយពេលយកមកដល់ក្រុមហ៊ុន ខាងក្រុមហ៊ុនកើតក្តី្តសង្ស័យ ព្រោះមានការវិចខ្ចប់មិនត្រឹមត្រូវ ក៏បានបើកមើល ស្រាប់តែមានអណ្តាតភ្លើងឆេះឡើង។ ប៉ុន្តែត្រូវបានបុគ្គលិកយកទឹកចាក់ពន្លត់ទាន់ ។
ប្រភពដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ឥវ៉ាន់នេះ គឺមានគោលដៅផ្ញើទៅសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោដោយមានអ្នកទទួលកានើទូរស័ព្ទលេខ ០៨៦ ២២៤ ៤៤០/ ០១២ ៤០៥ ៧១៦ ។
យ៉ាងណាក្រោយកើតហេតុភ្លាម មន្ត្រីជំនាញរបស់អង្គការ CMAC បានចុះទៅធ្វើការត្រួតពិនិត្យ និងបានបញ្ជាក់ថា ឥវ៉ាន់នេះ ជាប្រភេទគ្រាប់បែកកែច្នៃ ដែលមានកម្លាំងផ្ទុះ ស្មើនឹងកម្លាំងផ្ទុះរបស់មីនតោនចំនួនមួយគ្រាប់ រួចក៏យកទៅរក្សាទុករង់ចាំកម្ទេចចោលជាក្រោយ។
ក្នុងករណីដែរ សមត្ថកិច្ចកំំពុងធ្វើការស៊ីបអង្កេតស្រាវជ្រាវចាប់ខ្លួនជនពាក់ព័ន្ធដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕