ខេត្តស្វាយរៀង៖ លោក ពុត សាមិត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ
បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់សម្ដេចតេជោសែន សម្រាប់ជ័យលាភីនាយកសាលាល្អនិងសាលាស្អាតនៅខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២២នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង។
ក្នុងឪកាសនោះ ក៏មានការចូលរួមពីសំណាក់ លោកខៀវសំអុលប្រធានមន្ទីរ
លោក លោកស្រីប្រធានការិយាល័យទាំង១១ របស់មន្ទីរ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូវិទ្យាល័យ ហ៊ុន សែន ប្រសូតិ និងលោកប្រធានគណៈកម្មការទ្រទ្រង់សាលា លោកនាយក នាយិការង លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាស្វាយជ្រំ។
លោក ពុត សាមិត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ សូមចូលរួមអបអរសាទរចំពោះជ័យលាភី ដែលជានាយកសាលាល្អនិងសាលាស្អាតទាំងពីរ ដែលបានខិតខំប្រឹងប្រែងព្យាយាមតស៊ូអស់ពីកម្លាំងកាយនិងកម្លាំងចិត្តក្នុងការបំពេញតួនាទីនិងភារកិច្ចក្នុងនាមជានាយកសាលានិងដោយមានការជួយគាំទ្រពីលោកគ្រូអ្នកគ្រូសិស្សសាលា សហគមន៍អាជ្ញាធរមូលដ្ឋានព្រមទាំងមន្ទីរអប់រំយុវជននិងកីឡានិងរដ្ឋបាលនៃការិយាល័យអប់រំយុវជននិងកីឡាស្រុកក្រុងផងដែរ ។
លោកបន្តថា ដូច្នេះការជ្រើសរើសយកនាយកល្អតែ៣នាក់(ថវិការ៧លានរៀល៦លានរៀល៥លានរៀល)គ្រូបង្រៀនល្អ៥នាក់(ថវិការ៥លានរៀល៤លានរៀលនិង៣លានរៀល)គ្រូបង្រៀនល្អភាសារខ្មែរនិងគណិតវិទ្យា៥នាក់និងសាលាស្អាតតែ៥នេះគឺជាការសំរិតសំរាំងខ្លាំងណាស់។
ពីព្រោះការផ្ដល់ពានរង្វាន់សម្ដេចតេជោសែននេះជាកិត្តិយសមួយដ៏ធំធេងសម្រាប់បុគ្គលអង្គភាពនិងខេត្តនីមួយៗដែលបង្ហាញពីការខិតខំរួមគ្នាសហការគ្នាសាមគ្គីភាពផ្ទៃក្នុងទើបទទួលបាននូវស្នាដៃនេះ។
ការធ្វើកំណែទម្រង់នេះដើម្បីចូលរួមចំណែកដល់ការសម្រេចនូវមហិច្ឆតារបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាទជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់
ឆ្នាំ ២០៣០ និងប្រទេសអភិវឌ្ឍឆ្នាំ ២០៥០ ការអភិវឌ្ឍន៍ធនធានមនុស្សត្រូវការពេលវេលាយូរសម្ដីរបស់អ្នកប្រាជ្ញចិន(បានលើកឡើងថាបើចង់បានផលរយៈពេលខ្លីត្រូវដាំដំណាំគ្រាប់ដូចជាត្រកួនសាឡាត់ខាត់ណាតែបើចង់បានផលប្រយោជន៍ពេលមធ្យមត្រូវដាំដើមដូង ដាំស្វាយដើមទឹកដោះគោបើចង់បានផលយូរអង្វែងត្រូវអប់រំមនុស្ស)។
មិនដូចគ្នានឹងការកសាងហេដ្ឋារចនាសម្ព័ន្ធទេ ដោយប្រទេសកាន់តែរីកចម្រើនមនុស្សកាន់តែថ្លៃថ្នូរដូច្នេះការអប់រំទាមទារនូវសមត្ថភាពចំណេះដឹងជំនាញ ឥរិយាបទ សីលធម៌ មនសិការវិជ្ជាជីវៈត្រឹមត្រូវ ដែលតែងតែ លើកយកនិយាយអំពីស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនស្តង់ដានាយក ស្តង់ដារសាលា សមត្ថភាពស្តង់ដារបស់សិស្ស។
លោក បានបញ្ជាក់ថាចំពោះនាយកគ្រូអ្នកគ្រូដែលមិនទាន់បានទទួលពានរង្វាន់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត អ្វីមិនមែនជាអព្ភូតហេតុបើមិនមានការព្យាយាមតស៊ូលះបង់នោះ។
លោកបន្តថាជាការផ្ដាំផ្ញើទាំងមន្ទីរអប់រំរដ្ឋបាលនាយក សាលាលោកគ្រូអ្នកគ្រូសិស្សានុសិស្ សអាណាព្យាបាលដែនដីសូមលើកទឹកចិត្តពង្រឹងកិច្ចសហការគ្នាដើម្បីពង្រឹងវិស័យអប់រំជារួមនិងដោយឡែកក្នុងខេត្តស្វាយរៀង។
សូមបញ្ជាក់ថាកាលពីឆ្នាំសិក្សា២០២០-២០២១ លោកនាយកសាលាចំនួនពីរកន្លែងដែលបានទទួលពានរង្វាន់សម្តេចតេជោសែន មានលោក ចាន់ គឹមសែន នាយកវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទទួលបានជ័យលាភីនាយកលាលាល្អចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។ លោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទទួលបានជ័យលាភីនាយកសាលាល្អ ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស៕
ដោយ៖ យឹម សុថាន