លោក​ ហ៊ុន​ ម៉ានី​ ជួបសំណេះសំណាល និងអបអរសាទរចំពោះសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ៣៣រូប ក្នុងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា និងទេសចរណ៍ និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ​ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ៣៣រូប ក្នុងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាណាព្យាបាលសិស្សនិទ្ទេស A នៅទីតាំងអាគារបណ្ណាល័យខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនៃការជួបសំណេះសំណាលនេះដែរ លោក​ ហ៊ុន​ ម៉ានី​ បាននាំយកអំណោយលើកទឹកចិត្តជូនប្អូនៗសិស្សនិទ្ទេស A មានដូចជាកុំព្យូទ័រយួរដៃ ,សៀវភៅ និងដបអាល់កុល។

នាឱកាសនោះ​ លោក ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផលល្អនៅក្នុងថ្ងៃនេះ។ អ្នកតំណាង​រាស្ត្រ​វ័យក្មេង​រូប​នេះ​ មានប្រសាសន៍ថា៖ “ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នាគឺបានមកពីការខិតខំប្រឹងប្រែង ហ៊ានលះបង់ ដោយមិនខ្លាចនឿយហត់ ចូលចងចាំថាភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺជាសក្តានុពលរបស់ប្រទេសក្នុងការអភិវឌ្ឍប្រទេសជាតិ”។

ឆ្លៀតក្នុងឱកាសនេះដែរ លោក​ ហ៊ុន​ ម៉ានី​ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានចូលរួមបង្ហាត់បង្រៀន និងបង្កើតនូវមធ្យោបាយសិក្សាតាមប្រព័ន្ធអនឡាញដែលជាជំនួយដល់ការសិក្សារបស់ប្អូនៗពីចម្ងាយ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ជាចុងក្រោយ លោក​ ហ៊ុន​ ម៉ានី​ បានចូលរួមអបអរសាទរ ផ្ដែផ្ដាំឲ្យប្អូនៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាបន្តទៀត ដើម្បីឆ្ពោះទៅដល់គោលដៅនៅពេលអនាគតដែលបានកំណត់របស់ខ្លួនម្នាក់ៗ ក៏ដូចជាសសរទ្រូងសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ​ និងរួម​គ្នា​ដេីម្បីកំពង់ស្ពឺ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print