ការទុកដាក់សំរាមនៅតែជាបញ្ហា ខណៈអាជ្ញាធរខណ្ឌចំការមនណែនាំដល់ពលរដ្ឋ បញ្ចេញសំរាមឱ្យត្រូវតាមម៉ោងពេលកំណត់

ចែករំលែក៖

ភ្នំពេញ៖ ការទុកដាក់សំរាមនៅតែជាបញ្ហា ខណៈដែលអាជ្ញាធរខណ្ឌចំការមន បានណែនាំដល់ពលរដ្ឋបញ្ចេញសំរាមឱ្យត្រូវតាមម៉ោងពេលកំណត់ ។ នេះជាការបញ្ជាក់របស់លោក ថេង សុថុល អភិបាលខណ្ឌ និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ក្នុងពិធីចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ តាមរយៈលោកឃួង​ ស្រេង​ ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ ជូនដល់ប្រជាពលរដ្ខដែលមានជីវភាពខ្វះខាត និងជនចាស់ជរាក្នុងសង្កាត់ទួលទំពូងទី២​ចំនួន ៥០គ្រួសារ នៅព្រឹកថ្ងៃសៅរ៍​ ទី២៩ ខែមករា ឆ្នាំ២០២២។

   លោកអភិបាលខណ្ឌបានលើកឡើងពីបញ្ហាទុកដាក់សំរាមដែលបងប្អូនប្រជាពលរដ្ឋមួយចំនួននៅមិនទានមានការយល់ដឹងពីការបញ្ចេញសំរាមឱ្យបានត្រឹមត្រូវតាមពេលវេលា ខណៈក្រុមហ៊ុនប្រមូលសំរាមបច្ចុប្បន្នដែលមាន៣ក្រុមហ៊ុនកំពុងអនុវត្តការងារប្រមូលសំរាមក្នុងរាជធានីភ្នំពេញបានល្អប្រសើរហើយនោះ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បានជំរុញដល់អាជ្ញាធរសង្កាត់បន្តអប់រំនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ដឹងពីការបញ្ចេញសំរាមនេះ ។ 

លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ បង្កេីនការប្រុងប្រយត្ន័ដោយបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ​​ និង​៣​កុំ​ ដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ។ 

   ជាមួយនឹងការផ្សព្វផ្សាយឱ្យការពារពីជំងឺឆ្លងកូវីដ-១៩ហើយនោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ក៏ដូចជាបញ្ហាអគ្គិសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វេសប្រហែសឱ្យសោះ ជាពិសេស នៅថ្ងៃសែនបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ខាងមុខនេះ ។ 

   សូមជម្រាបថា អំណោយដែលចែកជូននាពេលនេះរួមមាន៖ អង្ករ​​, មី​, ទឹកត្រី​, ទឹកស៊ីអ៉ីវ​, ម៉ាស់ និងថវិកា​មួយចំនួន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print