អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថាអាមេរិកបន្តបញ្ជូនអាវុធជាច្រើនទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីជំរុញឲ្យទីក្រុង Kiev ចូលរួមយុទ្ធនាការយោធាវាយប្រហារប្រឆាំងពលរដ្ឋនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលកំពុងទាមទារផ្តាច់ខ្លួនពីអ៊ុយក្រែនចូលទៅកាន់ប្រទេសរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា «ជាថ្មីម្តងទៀតយើងសូមអំពាវនាវដល់អាមេរិកនិងសម្ព័ន្ធមិត្តគោរពកិច្ចព្រមព្រៀងទីក្រុង Minsk ហើយមិនត្រូវញុះញ៉ងឲ្យមានសង្គ្រាមវាយប្រហារទៅលើ ពលរដ្ឋដែលនិយាយភាសារុស្ស៊ីនោះឡើយ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ បានផ្សាយថា ខណៈកិច្ចចរចាផ្នែកការទូតជាមួយរុស្ស៊ី បានបង្ហាញភាពជាប់គាំងនោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបន្តការព្យាយាមដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន បន្ថែមទៀត ដោយការប្រកាសអំពីផែនការដាក់ពង្រាយយោធាទ្រង់ទ្រាយតូចមួយ ទៅកាន់តំបន់អឺរ៉ុបខាងកើត។ ឆ្លើយតបនឹងការអំពាវនាវ ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky) ឲ្យមេដឹកនាំបណ្តាប្រទេសលោកខាងលិច កុំបញ្ចេញភាពស្លន់ស្លោ ជុំវិញការដាក់ពង្រាយទ័ពរបស់រុស្ស៊ីយ៉ាងច្រើនសម្បើម នៅក្បែរព្រំដែនប្រទេសលោកនោះ, លោក ពូទីន និងប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអែល ម៉ាក្រុង បានព្រមព្រៀងគ្នាថា នឹងព្យាយាមបន្ធូរបន្ថយស្ថានការណ៍តានតឹង នៅតំបន់អឺរ៉ុបខាងកើតនេះវិញ។ យ៉ាងណាក៏ដោយ ទាំងលោក វ៉្លាឌីមៀ ពូទីន និងសមភាគីអឺរ៉ុប ឬសូម្បីតែសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា សុទ្ធតែបានបង្ហាញចេតនាដូចៗគ្នា នៅក្នុងការបន្ធូរបន្ថយស្ថានការណ៍ក្តៅគគុក ដែលបានអូសបន្លាយអស់ជាច្រើនសប្តាហ៍មកនេះ។ លោក ពូទីន ក៏បានគូសបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ម៉ាក្រុង ផងដែរថា រុស្ស៊ី «គ្មានផែនការវាយលុក» អ៊ុយក្រែននោះឡើយ៕ដោយ៖សាធី
រូបថត៖Reuters