ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងបរិការណ៍នេះ ការចាក់វ៉ាក់សាំង នឹងនៅបន្តជាវិធានការគន្លឹះ ហើយជំនួយវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប៉ូឡូញនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈសម្តេចអញ្ជើញជាអធិបតីភាព ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន៣០ម៉ឺនដូស ដែលជាជំនួយពីរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ គឺជាមិត្តចាស់ ដែលមានទំនាក់ទំនងការទូត តាំងពី ឆ្នាំ១៩៦៧ ។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ កម្ពុជា និងប៉ូឡូញបានរក្សាទំនងទំនងល្អ ទាំងផ្នែកការទូត អប់រំ សង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្ម ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចំណងមិត្តភាព និង សាមគ្គីភាពរវាង កម្ពុជា-ប៉ូឡូញ និងអាស៊ាន-ប៉ូឡូញ ព្រមទាំងរវាងកម្ពុជា-សហភាពអឺរ៉ុប និងអាស៊ាន សហភាពអឺរ៉ុប ឱ្យកាន់តែមានភាពរឹងមាំ និងស្អិតរមួតថែមទៀត ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ Covid-19 ទាំងអស់គ្នា ត្រូវរៀនរស់តាមបែបគន្លងថ្មី ជាពិសេសការអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ខ្លួនជានិច្ច៕