ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ ខណៈពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់នេះ ជាសក្ខីភាពនៃការរួមចំណែករបស់សម្ដេចតេជោក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍមនុស្សជាតិ។ នេះបើយោងតាមលិខិតរបស់លោកបណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាក់ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ខាងក្រោមនេះ ជាលិខិតរបស់លោកបណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាក់ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” សូមចុះផ្សាយទាំងស្រុង តាមរយៈបកប្រែក្រៅផ្លូវការ:
មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់
សូមគោរពជូន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចតេជោជាទីគោរព!
ក្នុងនាមជាប្រធានមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមគោរព ជម្រាបជូន សម្តេចតេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា សម្តេចតេជោ ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ទទួល ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
សម្តេចតេជោ ត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្ដេចពិត ជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ជាងនេះទៅទៀត គណៈកម្មាធិការសូមទទួលស្គាល់លើកិច្ចខិតខំ ប្រឹងប្រែងរបស់ សម្តេចតេជោ ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំង ការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។ ហេតុដូច្នេះហើយ មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ សូមផ្ដល់ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ជូន សម្តេចតេជោ នូវពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ ជាសក្ខីភាពន ការទទួលស្គាល់លើការរួមចំណែករបស់ សម្តេចតេជោ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។
ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិ ដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។ ពានរង្វាន់ សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន ម៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។
ពិធីប្រគល់រង្វាន់លើកទីមួយ ដែលផ្ដោតលើបញ្ហា “បម្រែបម្រួលអាកាសធាតុ» ត្រូវបានប្រគល់ជូនអតីតប្រធានា ធិបតីប្រទេសគីរីបាទី គឺឯកឧត្តម Anote Tong និងបណ្ឌិត Modadugu Gupta អ្នកវិទ្យាសាស្រ្តជលផលមកពី ប្រទេសឥណ្ឌា។
ពិធីប្រគល់ពានរង្វាន់លើកទីពីរ បានផ្តោតលើបញ្ហា “វិបត្តិជនភៀសខ្លួនជាសាកល “ ហើយម្ចាស់ជ័យលាភី គឺ លោកបណ្ឌិត Gino Strada ស្ថាបនិកនៃអង្គការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ និងបណ្ឌិត Sakena Yacoobi អ្នក អប់រំនៅប្រទេសអាហ្វហ្គានីស្ថាន។
ពិធីប្រគល់រង្វាន់លើកទីបី បានផ្តោតលើ «សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅអាហ្វ្រិក»។ ជ័យលាភីគឺ លោកបណ្ឌិត
Akinwumi Adesina ប្រធានធនាគារអភិវឌ្ឍន៍អាហ្វ្រិក ដែលបានធ្វើឱ្យការអភិវឌ្ឍវិស័យកសិកម្មនៅទ្វីបអាហ្វ្រិក
មានការរីកចម្រើនយ៉ាងខ្លាំង និងលោកស្រី Waris Dirie សកម្មជនសិទ្ធិស្ត្រីដែលបានលើកកម្ពស់ឱ្យសហគមន៍ អន្តរជាតិការយល់ដឹងអំពីការវះកាត់ផ្លូវភេទស្ត្រី។
នៅឆ្នាំ២០២០ ប្រធានាធិបតីសេនេហ្គាល់ ឯកឧត្តម Macky Sall ត្រូវបានទទួលស្គាល់លើការរួមចំណែកឆ្ពោះ ទៅរកការបង្កើតគោលការណ៍នៃអភិបាលកិច្ចល្អនៅក្នុងទ្វីបអាហ្វ្រិក និងអាចារ្យបណ្ឌិត Munib A. Younan អតីតប្រធានសហព័ន្ធព្រះវិហារ Lutheran ពិភពលោក សម្រាប់ការរួមចំណែកចំពោះការធ្វើឱ្យចុះសម្រុងគ្នា រវាងសាសនានៅមជ្ឈិមបូព៌ា និងពិភពខាងក្រៅ។ លើសពីនេះ ក្នុងការរំលឹកខួបលើកទី១០០ឆ្នាំ នៃខួបកំណើត របស់ស្ថាបនិក ពានរង្វាន់ស្ថាបនិកត្រូវបានប្រគល់ជូន ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការ សហប្រជាជាតិ។
គណៈកម្មាធិការជ្រើសរើសជ័យលាភី ពិតជាមានកិត្តិយសយ៉ាងក្រៃលែងចំពោះការណ៍ដែល សម្តេចតេជោ យល់ ព្រមទទួលយកពានរង្វាន់នេះ និងផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ដោយផ្ទាល់ ព្រមទាំងនឹង ថ្លែងសារនៃក្តីសង្ឃឹមសម្រាប់អនាគតដ៏សុខសាន្តរបស់មនុស្សជាតិ។ គណៈកម្មការពានរង្វាន់សន្តិភាពស៊ុនហាក់ សង្ឃឹមថានឹងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ សម្ដេចតេជោ ដោយផ្ទាល់ក្នុងការកសាងពិភពលោកមួយ ពោរពេញដោយសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។
យើងខ្ញុំសង្ឃឹមថា សម្តេចតេជោ នឹងទទួលយកដោយក្តីរីករាយបំផុត។
សូម សម្តេចតេជោ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ។
ធ្វើនៅទីក្រុងសេអ៊ូល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ [ហត្ថលេខា] បណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាក់ ៕