ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយលោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន-កម្ពុជា(JCA) និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON KEI CO,LTD និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅលើទឹកដីខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនភ្ញៀវថា ខេត្តបន្ទាយមានជ័យ ស្ថិតនៅប៉ែកពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ៣៥៩គ.ម.ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ប្រទេសថៃប្រវែង១៥៣គ.ម. ។ខេត្តមានផ្ទៃដីសរុប៦.៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជា២ក្រុង ៧ស្រុក ៥៥ឃុំ ១០សង្កាត់ និង៦៥៨ភូមិ មានប្រជាជនប្រមាណ៧៩មុឺននាក់ ក្នុងនោះមាន ៨៥%ប្រកបមុខរបរធ្វើស្រែចម្ការ និង១៥%ជាអាជីវករ ពាណិជ្ជករ សិប្បករ កម្មករ នេសាទត្រី និងចិញ្ចឹមសត្វ។
ខេត្តបន្ទាយមានជ័យមានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន៣ គឺច្រកអន្តរជាតិប៉ោយប៉ែត ច្រកទ្វារបឹងត្រកួន និងច្រកព្រំដែនម៉ាឡៃ។ ខេត្តក៏មានតំបន់សេដ្ឋកិច្ចពិសេស៥កន្លែងនៅក្រុងប៉ោយប៉ែតដែរ គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេស លី អ៊ុតនី ព្រមទាំងឧទ្យានឧស្សាហកម្ម០១កន្លែងនៅក្រុងសិរីសោភ័ណ។ ដោយឡែកនៅក្រុងប៉ោយប៉ែតមានក្រុមហ៊ុនជប៉ុនចំនួន ៦កន្លែងកំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និង ០ ១ក្រុមហ៊ុនទៀតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី (ផលិតសម្ភារបរិក្ខារអេឡិចត្រូនិក) ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យបានត្រៀមជានិច្ចគាំទ្រនូវគំនិតផ្តួចផ្តើម និងសហការជាមួយសមាគមជប៉ុន-កម្ពុជា(JCA) នូវគ្រប់សកម្មភាពទាំងឡាយណាដែលនាំមកនូវការរីកចម្រើនដល់ខេត្ត ពិសេសសូមសំណូមពរដល់លោកនាយកសមាគមជប៉ុន-កម្ពុជា មេត្តាជួយផ្សព្វផ្សាយក៏ដូចជាជំរុញអ្នកវិនិយោគ និងអ្នកទេសចរជប៉ុនឱ្យមកវិនិយោគទុននិងដើរកម្សាន្តនៅលើទឹកដីខេត្តបន្ទាយមានជ័យ ។
លោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន-កម្ពុជា(JCA) បានជម្រាបថា សមាគមជប៉ុនគ្រោងនឹងដឹកនាំវិនិយោគទុនជប៉ុនមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងមកកាន់ទឹកដីខេត្តបន្ទាយមានជ័យលើសក្តានុពលដែលប្រទេសកម្ពុជានិងខេត្តបន្ទាយមានជ័យកំពុងមានដូចជាលើវិស័យកសិកម្ម ស្រូវដំឡូងមី និងវិស័យឧស្សាហកម្ម ទេសចរណ៍ជាដើម។
គោលបំណងនៃដំណើរទស្សនកិច្ចលើទឹកដីខេត្តបន្ទាយមានជ័យនាឱកាសនេះគឺជាការសិក្សាស្វែងយល់បន្ថែមពីសក្តានុពលខេត្ត ប្រមូលព័ត៌មានថ្មីៗបន្ថែម និងពិនិត្យមើលលទ្ធផល បញ្ហាប្រឈមផ្សេងៗ ដំណើរការរបស់ក្រុមហ៊ុន រោងចក្ររបស់ជប៉ុនដែលបាននិងកំពុងដំណើរការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្វីដែលជាសំណូមពររបស់លោកអភិបាលខេត្ត លោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន-កម្ពុជា(JCA) នឹងខិតខំជួយជំរុញ ផ្សព្វផ្សាយព័ត៌មានពីសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ជូនទៅកាន់បណ្តាវិនិយោគទុន ក្រុមហ៊ុនជាជប៉ុនទាំងអស់ដែលមានសកម្មភាពវិនិយោគនៅកម្ពុជា និងវិនិយោគបរទេសក្រោយពីមានការធូរស្រាលនៃវិបត្តិកូវីដ-១៩នេះ៕
ដោយ៖ វណ្ណា