យើងតែងតែហៅថាថ្ងៃបុណ្យចូលឆ្នាំចិនជាថ្ងៃចូលឆ្នាំរួមរបស់ប្រទេសជាច្រើនក្នុងតំបន់អាស៊ី ដែលក្រៅពីចិន មានកូរ៉េខាងត្បូង កូរ៉េខាងជើង ម៉ាឡេស៊ី វៀតណាម សិង្ហបុរី …និងប្រទេសជាច្រើនទៀត ដែលមានសហគមន៍ជនជាតិអាស៊ីរស់នៅច្រើនតែងតែប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណី។ ចំណែកនៅអាមេរិកដែលមានជនជាតិអាស៊ីរស់នៅជាច្រើនបានប្រារព្ធពិធីបុណ្យប្រពៃណីនេះយ៉ាងអធិកអធម។ ទាំងនោះហើយបានជាតំណាងរាស្ត្រអាមេរិកលោកស្រី Grace Meng បានស្នើឱ្យដាក់ថ្ងៃចូលឆ្នាំរបស់ជនជាតិអាស៊ីទៅជាថ្ងៃបុណ្យសហរដ្ឋ។ នេះជាសំណើដ៏សំខាន់ដើម្បីទទួលស្គាល់ថ្ងៃបុណ្យដែលសហគមន៍អាស៊ីនៅលើពិភពលោកស្វាគមន៍។ ប្រសិនបើអាមេរិកអនុម័តនោះ ថ្ងៃចូលឆ្នាំចិន (ប្រទេសជាច្រើនក្នុងអាស៊ី) នឹងក្លាយទៅជាថ្ងៃបុណ្យជាតិ ទី១២នៅអាមេរិក ។ កាលពីខែមិថុនាឆ្នាំ២០២១ ប្រធានាធិបតីអាមេរិកចូ បៃឌិន បានចុះហត្ថលេខាជ្រើសរើសថ្ងៃទី១៩ ខែមិថុនាជាថ្ងៃបុណ្យ Juneteenth ជាថ្ងៃបុណ្យជាតិលើកទី១១ ជាការ រំលឹកដលថ្ងៃរំដោះជនជាតិស្បែកខ្មៅរួចផុតពីរបបទាសករ។ លោកស្រី Grace Meng មានដើមកំណើតពីកោះតៃវ៉ាន់ ធំឡើងនៅស្រុក Queens ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ លោកស្រីបាននិយាយទៅកាន់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ថា ថ្ងៃបុណ្យចូលឆ្នាំរបស់ប្រទេសភាគច្រើនក្នុងតំបន់អាស៊ីក្លាយទៅជាបុណ្យសហរដ្ឋគឺជាសារមួយដ៏សំខាន់ក្នុងការសាមគ្គីភាព រវាងពលរដ្ឋដើមកំណើតអាស៊ី ព្រមទាំងជនជាតិអាមេរិកផងដែរ៕ ដោយសាធី
រូបថត៖AP.