កាលពីយប់ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោកបៃឌិន និងអនុប្រធានាធិបតីលោកស្រី kamala Harris បានតាមដានសកម្មភាពវាយប្រហារទៅលើភូមិគ្រឹះកម្ពស់៣ជាន់របស់មេដឹកនាំក្រុមភេរវកម្ម IS ។
ក្រោយទទួលរងការវាយប្រហារនេះ មេដឹកនាំក្រុម IS លោក Abu Ibrahim al-Hashimi al-Qurayshi បានបំផ្ទុះគ្រាប់បែកអត្តឃាតជាមួយប្រពន្ធកូន ។ មេដឹកនាំ IS ដែលបានធ្វើអត្តឃាតជាមួយគ្រួសារខ្លួនឯងខាងលើនេះ បានឡើងកាន់តំណែង បន្ទាប់ពីមេដឹកនាំមុន គឺ Abu Bakr al-Baghdadi បានស្លាប់នៅអំឡុងការវាយលុកដោយកងកុម៉្មង់ដូពិសេសនៃសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩។
ប្រធានាធិបតីបៃឌិនបានលើកឡើងថា មេដឹកនាំ ISIS លោក al-Quraishi បានបំផ្ទុះគ្រាប់បែកក្នុងផ្ទះរបស់លោក ដែលនាំឱ្យលោកនិងសមាជិកគ្រួសារ ក្នុងនោះរួមមានទាំងកុមារផងដែរ ត្រូវបាត់បង់ជីវិតទាំងអស់គ្នា ខណៈដែលកងកម្លាំងយោធាអាមេរិកបានចុះទៅវាយឆ្មក់តំបន់ដែលលោកស្នាក់នៅ ក្នុងក្រុងអាតម៉េហ៍ (Atmeh) នៃភាគពាយ័ព្យប្រទេសស៊ីរីនោះទាំងយប់។
លោក ចូ បៃឌិន បានថ្លែងចេញពីសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោនយ៉ាងដូច្នេះថា «អរគុណចំពោះភាពក្លាហាននៃកងទ័ពរបស់យើង… មេដឹកនាំភេរវករដ៏អាក្រក់មួយនេះ លែងមានទៀតហើយ»។
ការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯងពីសំណាក់មេដឹកនាំ ISIS ខាងលើនេះ ក៏បានធ្វើឱ្យមនុស្សម្នាផ្សេងទៀតនៅក្នុងអគារលំនៅឋានកម្ពស់៣ជាន់ក្នុងក្រុង Atmeh នោះ បាត់បង់ជីវិតផងដែរ។ សហរដ្ឋអាមេរិកបានចាត់ទុកថា ការបាត់បង់ជីវិតជនស៊ីវិលទាំងអស់នេះ គឺជាស្នាដៃរបស់ក្រុម ISIS៕ ដោយសាធី