រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បាតុករនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ មិនព្រមឲ្យគ្រូពេទ្យយកសំណាកឡើយ ទោះមានបាតុករម្នាក់ ឆ្លងមេរោគកូវីដ១៩ ប្រភេទអូមីក្រុងក៏ដោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២.  ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញនូវករណ៍វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រង លើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាស្រ្តីមានផ្ទៃពោះម្នាក់ ហើយបានណែនាំឱ្យបាតុករទាំងអស់ទៅយកសំណាក នៅទីតាំងដែលបានកំណត់ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល ០៣ (បី) ថ្ងៃ។

«ប៉ុន្តែលោក ជួប ចាន់ណាត តំណាងក្រុមបាតុករបានសំណូមពរឱ្យក្រុមគ្រូពេទ្យមកយកសំណាកនៅទីតាំងប្រមូលផ្តុំធ្វើបាតុកម្មជាក់ស្តែង នៅពេលក្រុមគ្រូពេទ្យមកដល់ ក្រុមបាតុករំនៅតែរឹងរូស មានះ មិនព្រមសហការឱ្យយកសំណាកទៀត»។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានដដែល។

      លើសពីនេះទៀត កាលពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើបាតុករជាបន្តបន្ទាប់បន្ថែមទៀត។

    គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ បានអំពាវនាវបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធជាមួយបាតុករ ត្រូវទៅយកសំណាកនៅទីតាំងដែលបានកំណត់ជូន ស្ថិតនៅកោះពេជ្រ បន្តទៀត។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ឬប្រភេទផ្សេងទៀត ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ តាមរយៈការប្រមូលផ្ដុំ ធ្វើបាតុកម្មនេះ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្តុំធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថាលែងមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។

ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្ដុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះមានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតីចូលរួមរបស់ក្រមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ ក៏ដូចជាធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ធ្វើយ៉ាងណាកុំឱ្យរាជធានីភ្នំពេញជួបសោកនាដកម្មដូចព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ ឡើងវិញ៕. សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print