ខេត្តក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសប្តូរផ្តាច់ចូលឆ្នាំថ្មី ប្រពៃណីជាតិឱ្យបាននៅឆ្នាំនេះ ខណៈដែលកម្ពុជាខកខានចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចំនួន២ឆ្នាំមកហើយ តែសម្តេចនៅតែបន្តអំពាវនាវដល់ជនរួមជាតិឱ្យបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វេីឡេីងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក។
កំណាត់ផ្លូវជាតិលេខ៧នេះ ប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ២០០៤ ដល់ ២០០៧ ហើយកំណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) ដោយផ្អែកលើការសិក្សាជាថ្មី ទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍ រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស៕
ដោយ៖ស តារា