ករណី​ឃាតកម្មសម្លាប់មនុស្ស៥នាក់​នៅខេត្តមណ្ឌលគិរី​ ក្មេងម្នាក់គត់ដែលរួចជីវិត​ ពេលនេះមិនទាន់បានធូរស្បេីយនៅឡើយទេ​ ព្រោះរបួសធ្ងន់ត្រង់កនិងក្បាល

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​៖​ មកទល់ពេលនេះក្មេងម្នាក់ដែលរួចជីវិតក្នុងករណីឃាតកម្មមួយគ្រួសារនោះ គឺស្ថានភាពនៅពេលនេះមិនទាន់បានធូរស្បេីយនៅឡេីយទេ​ ព្រោះរងរបួសធ្ងន់ត្រង់ក​ និង​ក្បាល​ ព្រោះត្រូវរងនឹងការវាយដោយវត្ថុរឹង​ ក្នុងនោះយេីងឃេីញវត្តមានរបស់​លោក​ឧត្ដមសេនីយ៍​ទោ​ ជាវ​ វិបុល​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ និង​ កម្លាំងជំនាញ CPU ចុះសួរសុខទុក្ខនិង ប្រមូលព័ត៌មានមួយចំនួន​រហូតឈានដល់ការបង្រ្កាបក្រុមឃាតកមួយក្រុមបានសម្រេច។
សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹងករណី​ឃាតកម្ម​គិត​ទុកជា​មុន​លើ​គ្រួសារ​មួយ​នៅ​ក្នុងស្រុក​ពេ​ជ្រា​ដា​ កាលពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១១​:​៣០​នាទី​ បណ្តាល​ឱ្យ​មនុស្សក្មេង​ចាស់​ចំនួន​៥​នាក់​ ស្លាប់​ និង​ក្មេង​ប្រុស​១​នាក់​រង​របួស​ នៅ​ចំណុច​ស្រែ​ចោត​ ភូមិ​មេ​ប៉ៃ​ ឃុំ​ពូ​ជ្រៃ​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ។​
​សមត្ថកិច្ច​បន្ត​ថា​ ក្រោយ​ពី​មាន​ហេតុការណ៍​កើត​ទ្បើ​ង​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នាយកដ្ឋាន​នគរបាល​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ បាន​ដឹកនាំ​កម្លាំងទៅសហការ​ជាមួយ​កម្លាំងជំនាញស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ និង​មានការ​ចូលរួម​ពី​អង្គការ​ការពារ​កុមារ​ CPU​ ចុះ​ដល់ទី​តាំង​កើតហេតុ​ ធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនល្មើស​ដែល​ពាក់​ព័ន្ធករណី​ខាងលើ​។​ រហូត​មក​ដល់​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រុមការងារ​បាន​ឈាន​ទៅ​ដល់កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ និង​ធ្វើការចាប់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៦​នាក់​ ក្នុងនោះមានឈ្មោះ​ ធី​ ម្ពៀ​ត​ ហៅ​ ព្សឹ​ត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ព្នង​ (​ជន​ដៃដល់​)​, ឈ្មោះ​ រឹម​ ធា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​ជន​ដៃដល់​)​, ឈ្មោះ​ នឹម​ ខ្លា​ខឹ​ន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​
(​ជន​ដៃដល់​)​, ឈ្មោះ​ ធី​ ព្យឹ​ត​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ ជនជាតិ​ព្នង​ (​ជន​ដៃដល់​)​, ឈ្មោះ​ ក្លឹង​ ច​ន្ធី​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ព្នង​ (​អ្នកបញ្ជា​ឱ្យសម្លាប់​)​, ឈ្មោះ​ នួន​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ ជនជាតិខ្មែរ​ (​អ្នកបញ្ជា​ឱ្យសម្លាប់​)​ ។​
ក្នុងករណីឃាតកម្មយ៉ាងសាហាវនេះ​ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បាញ់​និង​វាយ​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​៦​នាក់​ កាលពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ប្រាកដ​មែន​។​ មូលហេតុ​ ដោយសារ​គំនុំ​រឿង​ចោទប្រកាន់​ក្រុម​គ្រួសារ​រង​គ្រោះ​ថា​បាន​ធ្វើអំពើ​អាប​ធ្មប់​មក​លើ​គ្រួសារ​ខ្លួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​បាន​ប្រគល់​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការផ្តន្ទាទោស​តាម​ច្បាប់​៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print