ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទទួល «ពានរង្វាន់សន្តិភាពស៊ុនហាក់ (Sunhak Peace Prize)» ស្របគ្នានឹងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ ដែលសម្តេចតេជោ ក៏នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំដ៏សំខាន់មួយនេះដែលនឹងធ្វើឡើង នៅប្រទេសកូរ៉េខាងត្បូង។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីកិច្ចប្រជុំកំពូលឆ្នាំ២០២២ និងការប្រកាសជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ ពីកូរ៉េខាងត្បូង។
លោកបណ្ឌិត យុន យ៉ុងហូ (Yun Young-Ho) អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) បានមានប្រសាសន៍ថា៖មានមនុស្សចំនួន ៣នាក់ ដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ រួមមានទី១៖ សម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៉ីអាគ្នេយ៍ និងជាអ្នកគាំទ្រដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ ទទួលបាន «ពានរង្វាន់កិត្តិយសពិសេសទី៣ របស់ស្ថាបនិកឆ្នាំ២០២២»។ទី២៖ សម្ព័ន្ធវ៉ាក់សាំង Gavi ដែលជាអ្នកដឹកនាំសកលក្នុងការទទួលបានថ្នាំបង្ការដោយស្មើភាពក្នុងអំឡុងពេលជំងឺកូវីដ-១៩ ទទួលបាន «ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២»។និងទី៣៖ លោកស្រី សារ៉ាហ៍ ខាត់ថេរីន ហ្គីលប៊ឺត (Sarah Catherine Gilbert) ដែលជាសហអ្នកបង្កើតវ៉ាក់សាំង Oxford-AstraZeneca ទទួលបាន «ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២»។
ម្ចាស់ជ័យលាភីទាំងអស់ទទួលបានថវិកា ១លានដុល្លារអាមេរិក និងមេដាយ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា ថវិកា ១លានដុល្លារអាមេរិក ដែលសម្តេចបានពីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នឹងប្រើប្រាស់សម្រាប់បន្តសង់លំនៅដ្ឋានជូនអតីតយុទ្ធជនកម្ពុជា។ម្ចាស់ជ័យលាភីទាំងអស់ ត្រូវបានផ្តល់ពានរង្វាន់ គឺពីព្រោះពួកគាត់បានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍមនុស្ស រួមទាំងការខិតខំប្រឹងប្រែងដើម្បីការពារសុខភាព និងសុខុមាលភាពរបស់មនុស្សជាតិ នៅក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩។ ជ័យលាភីម្នាក់ៗ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ និងមេដាយមាស នៅឯកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលជាកិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង៕