អាមេរិកអំពាវនាវដល់កូរ៉េខាងជើង ផ្តោតសំខាន់ទៅលើតម្រូវការរបស់ពលរដ្ឋជាជាងកាំជ្រួចមីស៊ីល

ចែករំលែក៖

អាមេរិកបានអំពាវនាវដល់កូរ៉េខាងជើងបញ្ចប់កម្មវិធីមីស៊ីល ដោយផ្តល់អាទិភាពទៅលើតម្រូវការរបស់ពលរដ្ឋក្នុងប្រទេសនេះដែលកំពុងប្រឈមនឹងកង្វះស្បៀងអាហារ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Linda Thomas-Greenfield បានប្រកាសថា «យើងសូមអំពាវនាវដល់កូរ៉េខាងជើងសន្យាដើម្បីសេចក្តីសុខរបស់ពលរដ្ឋ តាមរយៈការគោរពសិទ្ធិមនុស្ស លុបចោលកម្មវិធីអាវុធ កាំជ្រួចមីស៊ីលខុសច្បាប់ផ្តល់អាទិភាពដល់ពលរដ្ឋ»។ កន្លងមកក្រសួងការបរទេសអាមេរិកបានអំពាវនាវដល់កូរ៉េខាងជើងផ្អាករាល់សកម្មភាព បង្កឱ្យមានភាពចលាចលក្រោយប្រទេសនេះបាញ់មីស៊ីលជាច្រើនលើកនៅក្នុងខែមករាឆ្នាំ២០២២។ ពាក់ព័ន្ធបញ្ហាកូរ៉េខាងជើង សភាជាតិនៃប្រទេសកូរ៉េខាងជើង បានសន្យាអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បើទោះជាកំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើនបង្កឡើងដោយទណ្ឌកម្មអន្តរជាតិ និងការឆ្លងរាតត្បាត COVID-19 ក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាការសន្យាខាងលើធ្វើឡើងនៅក្នុងសម័យប្រជុំនៃសភាកូរ៉េខាងជើង កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភ កន្លងទៅនេះ។ កិច្ចប្រជុំសភានេះផ្ដោតសំខាន់លើការពិភាក្សាពីដំណើរការនៃគណៈរដ្ឋមន្ត្រី និងកញ្ចប់ថវិការបស់រដ្ឋាភិបាល ព្រមទាំងអនុម័តច្បាប់ថ្មីស្ដីពីការថែទាំកុមារ និងពលរដ្ឋកូរ៉េខាងជើងនៅឯបរទេស។ តាមសារព័ត៌មាន KCNA លោក គីម ជុងអ៊ុន មិនបានចូលរួមក្នុងកិច្ចប្រជុំសភានេះទេ ដោយកិច្ចប្រជុំនេះដឹកនាំដោយលោក Choe Ryong Hae ដែលជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាកូរ៉េខាងជើង៕ ដោយសាធី
រូបថត៖ Business Insider


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print