គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៨ កុម្ភៈនេះ ប្រទេសចំនួន៤រួមមាន រុស្ស៊ី, សាធារណរដ្ឋប្រជាមានិតចិន, ស៊ុយអែត និងហុល្លង់នៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២២ ដោយរុស្ស៊ីទទួលបានមេដាយមាស២គ្រឿង, ចិនមេដាយមាស៣គ្រឿង, ស៊ុយអែតមេដាយមាស៣គ្រឿង និងហុល្លង់មេដាយមាស២គ្រឿង។
ចំណែកអាល្លឺម៉ង់, ន័រវេស, ស្លូវ៉ានៀ និងអ៊ីតាលីកំពុងតាមពីក្រោយយ៉ាងប្រកិតដោយឈរចំណាត់ថ្នាក់បន្តបន្ទាប់គិតត្រឹមការប្រកួតក្នុងថ្ងៃទី៤នៃព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដែលបានចាប់ផ្តើមប្រកួតរយៈពេល៤ថ្ងៃមកនេះ។ម្ចាស់ផ្ទះចិនបានឈ្នះមេដាយមាស៣គ្រឿង, ប្រាក់១ សរុប៥គ្រឿង ខណៈដែលស៊ុយអែតឈរលេខ២ ឈ្នះមេដាយមាស៣គ្រឿង។ ចំណែករុស្ស៊ីឈរចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស២គ្រឿង, ប្រាក់៣ និងសំរិទ្ធិ២គ្រឿង សរុប៧គ្រឿង។ ប្រទេសហុល្លង់បានហក់ឡើងមកឈរចំណាត់ថ្នាក់លេខ៤ដោយទទួលបានមេដាយមាស២គ្រឿង ប្រាក់២ និងសំរិទ្ធិ១គ្រឿង សរុប៥គ្រឿង ។ចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្នបានទៅអាល្លឺម៉ង់ឈ្នះមេដាយមាស២គ្រឿង និងប្រាក់១គ្រឿង សរុប៣គ្រឿង។ រីឯន័រវេសបានឈរចំណាត់ថ្នាក់លេខ៦ ដោយឈ្នះមេដាយមាស២គ្រឿង, ប្រាក់០គ្រឿង និងសំរិទ្ធិ៣គ្រឿង សរុប៥គ្រឿង។
ដោយឡែកប្រទេសនៅតំបន់អាស៊ានមិនទាន់មានប្រទេសណាមួយទទួលបានមេដាយនៅឡើយទេ។
គិតត្រឹមព្រឹកថ្ងៃទី៨ កុម្ភៈនេះ មានតែរុស្ស៊ីមួយគត់កំពុងនាំមុខគេ ជាប្រទេសដែលដណ្តើមបានមេដាយសរុបច្រើនជាងគេរហូតដល់៧គ្រឿង ខណៈដែលកាណាដាឈរលេខ២មានមេដាយសរុបទាំងអស់៦គ្រឿង៕(រូបភាព ៖ Olympics.com)