ភ្នំពេញ៖ ដើម្បីទទួលបានជ័យជំនះ នៃការ បោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខ លោកឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានស្វះស្វែងរកចំនុចអវិជ្ជមានមួយ ចំនួនយកមកធ្វើការកែលម្អរឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានការគាំទ្រ និងជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ឈានទៅដល់ការបោះឆ្នោតគាំទ្រគណបក្សប្រជា ជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាពេលដ៏ខ្លីខាងមុខនេះ។
ការស្វែងរកចំនុចអវិជ្ជមាននេះ បានធ្វើឡើងក្នុងជំនួបសំណេះ សំណាលជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១នៃខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០៨. កុម្ភៈ ឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ។
ក្នុងពិធីសំណេះសំណាលនេះ ប្រធានគណបក្សសង្កាត់ទាំង១១ បានលើកឡើងពីភាពជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ចំនួន៤អាណត្តិកន្លងមក ហើយក៏សង្ឃឹមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ក្នុងអាណត្តិទី៥នេះនឹងទទួលបានជោគជ័យ ។ ការរំពឹងទុកបែបនេះ ដោយសារតែយើងមានគោលនយោបាយរបស់បក្សល្អត្រឹមត្រូវ ពិសេសថែមទៀត មានសម្ដេចតេជោ ហ៊ុនសែន ជាប្រធានគណបក្ប្រជាជនកម្ពុជាសនិងជានាយករដ្ឋមន្ត្រី ដ៏ល្អដែលបានបំរើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋដោយភាពស្រលាញ់និងស្មោះត្រង់ ។ អ្វីដែលយើងមើលឃើញកាន់តែច្បាស់ទៀតនោះ គឺនៅក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបំពេញការងារ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ដែលធ្វើអោយកិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជន គោរព ស្រលាញ់និងមានការជឿទុកចិត្ត ។
បន្ថែមពីលើនេះទៀត ប្រធានគណបក្សសង្កាត់ទាំង១១ ក៏បានលើកឡើងពីការខ្វះខាតមួយចំនួន លើការកសាងនូវហេដ្ឋារចនា សម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន ដូចជាការសុំ
ដាក់បណ្តាញលូ សុំដាក់ភ្លើងបំភ្លឺសាធារណៈ ការសុំធ្វើជណ្តើរឡើងរួម និងការខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។
លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ថា៖ រាល់សំណូមពរនិងសំណើរឡើងរបស់ប្រធានគណបក្សសង្កាត់ទាំង១១ ត្រូវតែធ្វើឡើងអោយបានលឿន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដោយសារពេលនេះ ប្រជាពលរដ្ឋពួកគាត់ស៊ីវីល័យហើយ ដូច្នេះការស្នើសុំរបស់គាត់ក៏ត្រូវតែស៊ីវីល័យផងដែរ។
លោក ឃួង ស្រេង បន្តទៀតថា៖ រាល់ការងារអសកម្មត្រូវតែកាត់បន្ថយអោយអស់។ កងកម្លាំងមានសមត្ថកិច្វ ត្រូវតែបង្ក្រាបអោយអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ពោលគឺរក្សាអោយបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ។ លោកថា ទាំងអ្នកក្រ អ្នកមាន លោកឧកញ៉ា គឺសុទ្ធតែត្រូវការសន្តិសុខដូចគ្នា។ បន្ថែមពីលើនេះការរៀបចំសណ្តាប់ធ្នាប់សាធារណៈត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទាំងអស់។
នៅទីបញ្ចប់នៃពិធីនេះ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឧបត្ថមជាថវិកាជូនគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញចំនួន៥លានរៀលនិងប្រធានគណបក្សសង្កាត់ទាំង១១ ក្នុងបក្សសង្កាត់ទទួលបាន២លានរៀលផងដែរ៕ សំរិត