ករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសវៀតណាម នៅថ្ងៃទី ៨ខែកុម្ភៈ កើនឡើងរហូតដល់ទៅជិត ២២ពាន់នាក់ គឺកើនឡើងជាង ៥ពាន់នាក់បើប្រៀបធៀបនឹងថ្ងៃទី ៧ខែកុម្ភៈ ។ ទីក្រុងហាណូយនៅតែជាតំបន់មានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ជាងគេ ជាមួយគ្នានេះក៏មានអ្នកស្លាប់ ៩៧នាក់ផងដែរ។ គិតចាប់ពីម៉ោង ១៦ថ្ងៃទី ៧ខែកុម្ភៈ ដល់ម៉ោង ១៦ថ្ងៃទី ៨ខែកុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ រហូតដល់ទៅ ២១.៩០៩នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅ៨នាក់ ។ នេះជាករណីឆ្លងខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសវៀតណាម ។ ករណីឆ្លងកើនឡើងខ្ពសក្រោយការឈប់សម្រាក់បុណ្យចូលឆ្នាំប្រពៃណីវៀតណាម នាពេលកន្លងមក។ សរុបមកទល់ពេលនេះវៀតណាមករណីឆ្លងកូវីដ ១៩ជាង២.៣៨លាននាក់ ឈរលំដាប់ទី៣៤ ក្នុងចំណោម ២២៥ប្រទេសនិងដែនដីនៅជុំវិញពិភពលោក។ ជាមួយគ្នានេះដែរក៏មានអ្នកជំងឺ ជាង ២.១លាននាក់បានជាសះស្បើយពីជំងឺ ។ ពាក់ព័ន្ធការចាក់វ៉ាក់សាំងវិញវៀតណាមចាក់បានវ៉ាក់សាំង ជូនពលរដ្ឋសរុបជាង ១៨៣លានដូសហើយ ក្នុងនោះអ្នកចាក់មួយដូសជាង ៧៩លានដូស និងពលរដ្ឋចាក់ពីរដូសមានជាង ៧៤លាននាក់ ។ ក្រៅពីនេះក៏មានពលរដ្ឋជាង ២៩ លាននាក់ហើយបានចាក់ដូសទីបី ៕ដោយ៖សាធី
រូបថត៖TTXVN-VNA.