Microsoft បានប្រកាសថានឹងធ្វើការកែសម្រួលកម្មវិធី Office ដើម្បីការពារអ្នកប្រើប្រាស់ពីការវាយលុកតាមរយៈកម្មវិធី Macros

ចែករំលែក៖

ភ្នំពេញ​៖​ ម៉ាក្រូ (Macros) គឺជាកម្មវិធីតូចៗដែលត្រូវបានរចនាឡើងដើម្បីជួយក្នុងការអនុវត្តការងារដដែលៗនៅក្នុងកម្មវិធី Microsoft Office ប៉ុន្តែក្រុមជនខិលខូចតែងតែព្យាយាមប្រើមុខងារនេះដើម្បីធ្វើការវាយលុកចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ដោយលួចបញ្ចូលកម្មវិធីដែលមានមេរោគដែលអាចឱ្យពួកគេ លួចយកទិន្នន័យសំខាន់ៗ លុបទិន្នន័យចោល ឬលួចចូលប្រើពីចម្ងាយបាន។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​នៅរសៀល​ថ្ងៃ​ពុធ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២។

អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុន Microsoft បានស្វែងរកវិធីដើម្បីការពារអ្នកប្រើប្រាស់ពីការវាយប្រហារដោយបានបិទមុខងារនេះមិនឱ្យបើកដោយស្វ័យប្រវត្តិ ហើយទាមទារឱ្យអ្នកប្រើប្រាស់ចុចនៅលើប៊ូតុងដែលមានពណ៌លឿងដើម្បីឯកភាពក្នុងការប្រើប្រាស់មុខងារនេះ។ ទោះជាយ៉ាងណាក្ដី ជនខិលខូចតែងតែរិះរកវិធីថ្មីៗ ដោយបង្កើតឯកសារដែលមានប្រធានបទពិសេសដើម្បីទាក់ទាញជនរងគ្រោះមិនត្រឹមតែបើកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកដំណើរការមុខងារម៉ាក្រូផងដែរ។

ដើម្បីកែសម្រួលបញ្ហានេះ ចាប់ពីដើមខែមេសា Microsoft នឹងបិទកម្មវិធីម៉ាក្រូទាំងអស់នៅក្នុងឯកសារដែលទទួលបានពីអុីនធឺណិត ហើយនឹងបង្ហាញការជូនដំណឹងដល់អ្នកប្រើប្រាស់ថា ឯកសារទាំងនោះមានភ្ជាប់មកជាមួយនូវកម្មវិធីម៉ាក្រូ និងទាមទារឱ្យពួកគេស្វែងយល់បន្ថែម។ នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើប៊ូតុងដើម្បីស្វែងយល់បន្ថែម វានឹងបង្ហាញអត្ថបទដែលផ្តល់ព័ត៌មានអំពីហានិភ័យទាក់ទងនឹងការប្រើប្រាស់កម្មវិធីម៉ាក្រូ៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print