លោកបណ្ឌិត អុិត សំហេង៖ បេក្ខជនក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌបឹងកេងកង ត្រូវបន្តស្វែងយល់ពីសុខទុក្ខ និងបម្រើសំណូមពររបស់ប្រជាពលរដ្ឋ ឱ្យ​កាន់តែមានប្រសិទ្ធិភាពខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ បេក្ខជនក្រុមប្រឹក្សាសង្កាត់ របស់ខណ្ឌបឹងកេងកង គប្បីសហការជាមួយក្រុមការងារសង្កាត់ ភូមិ ចុះតាមសាខាបក្ស អនុសាខាបក្ស ក្រុមបក្ស និងគ្រួសារបក្ស ដើម្បីស្វែងយល់ពីសុខទុក្ខ និងបម្រើសំណូមពររបស់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ​ ឱ្យបានកាន់តែមានប្រសិទ្ធិភាពខ្ពស់ ថែមទៀតដេីម្បីដណ្តើមសណ្តានចិត្តគាំទ្ររបស់ពួកគាត់មកលេីគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ គ្រប់គណបក្សសង្កាត់ និងក្រុមការងារចុះជួយសង្កាត់ ត្រូវខិតខំកសាងសមាជិកបន្ថែមទៀតឲ្យបានគ្រប់ចំនួន៨០ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១។​

នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ​ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ ខណ្ឌបឹងកេងកង អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ពិធីសំណេះសំណាលនេះដែរ ជាការផ្តល់នូវអនុសាសន៍ណែនាំបន្ថែមរបស់ឯកឧត្តមប្រធានក្រុមការងារ សិក្សាស្វែងយល់ ក្តាប់ព័ត៌មានបន្ថែមនៅមូលដ្ឋាន និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្ត ដើម្បីដណ្តើមបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ។

ទន្ទឹមនេះដែរ លោកបណ្ឌិត អ៉ិត សំហេង បានស្នើបន្ថែមទៀត ទៅដល់ក្រុមប្រឹក្សាសង្កាត់ទាំង៧ របស់ខណ្ឌបឹងកេងកង ត្រូវខិតខំយកអស់ស្មារតីទទួលខុសត្រូវក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លារភាព ប្រសិទ្ធិភាព និងកាត់បន្ថយបានរាល់ការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ របស់ខណ្ឌបឹងកេងកង និងបានស្នើឲ្យរក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការកសាងនូវអំពើល្អ តម្កល់ផលប្រយោជន៍ជាតិជាធំ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់គណបក្ស ដែលសកម្មភាពអស់ទាំងនេះនឹងនាំឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យលើការបោះឆ្នោតរៀងរហូតមក។

ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចំនួនសមាជិកបក្ស និងពង្រឹងសកម្មភាពសតិអារម្មរណ៍នយោបាយរបស់សមាជិកបក្ស ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បញ្ជាក់ថា គោលការណ៍រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្ររបស់គណបក្សមួយសន្លឹក គឺត្រូវទាមទារឲ្យក្រុមប្រឹក្សាសង្កាត់របស់យើងអនុវត្តគោលការណ៍នេះឲ្យបានជាប់ជាប្រចាំ ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតសកលឆ្នាំ២០២៣។

ជាមួយគ្នានោះ លោកប្រធាន បានជំរុញឲ្យធ្វើការផ្សព្វផ្សាយនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ និងសប្បុរសជន បានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសង្កាត់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកប្រធាន ក៏បានជំរុញដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់ ត្រូវខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែពូកែ មានសមត្ថភាពដឹកនាំ មានភាពម្ចាស់ការ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។ លោកប្រធាន​ បានមានប្រសាសន៍បន្ថែមថា៖ «ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឺងម៉ាត់ និងទទួលបាននូវសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ គណបក្សយើងនឹងទទួលបានជោគជ័យ»៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print